កំពង់ចាម ៖ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ជាថ្មីទៅកាន់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីជាអ្នកបម្រើរាស្ត្រ និងចៀសវាងឱ្យខានតែបាននូវអំពើអសកម្ម ឬការគៀបសង្កត់ណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តប្រជាពលរដ្ឋ។
ការថ្លែងបែបនេះបានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំអង្គភាពនានាជុំវិញខេត្តកំពង់ចាម សរុបចំនួន ១,១៩៣ នាក់ នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ នេះ។
នៅក្នុងពិធីដ៏មានអត្ថន័យនេះ សម្តេចតេជោ បានផ្តល់អនុសាសន៍ណែនាំឱ្យមន្ត្រីមូលដ្ឋាន ជាពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់ បន្តយកចិត្តទុកដាក់ផ្តល់សេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបាន «លឿន និងរហ័ស»។ សម្តេចបានរំឭកថា៖
«មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»
ទន្ទឹមនឹងនោះ សម្តេចក៏បានព្រមានដល់មន្ត្រីឱ្យចៀសវាងនូវវប្បធម៌ «ប្ដីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥» ដែលបង្កបញ្ហា និងការរំខានដល់សេចក្តីសុខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ក្រៅពីការងារសេវាសាធារណៈ សម្តេចតេជោ បានកោតសរសើរដល់អាជ្ញាធរខេត្តកំពង់ចាម ដែលបានរក្សាសន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរនាពេលកន្លងមក។ បន្ថែមលើនេះ សម្តេចបានជំរុញឱ្យបន្តអនុវត្តគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» ដោយផ្ដោតលើការបង្ក្រាប៖
– បទល្មើសលួច ឆក់ ប្លន់។
– ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
– ពិសេសបំផុត ការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលកំពុងជាបញ្ហាប្រឈម។
ពាក់ព័ន្ធនឹងជម្លោះដីធ្លី សម្តេចប្រមុខរដ្ឋស្ដីទី បានណែនាំឱ្យអាជ្ញាធរប្រើប្រាស់យន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការឱ្យមានប្រសិទ្ធភាព ដោយត្រូវឈរលើគោលការណ៍ «តម្លាភាព និងមិនលំអៀង»។ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច សម្តេចបានជំរុញឱ្យមានការសន្សំសំចៃការចំណាយមិនចាំបាច់ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ និងត្រូវបន្តគាំទ្រការប្រមូលចំណូលពន្ធឱ្យបានត្រឹមត្រូវ។
គួរបញ្ជាក់ថា ជំនួបសំណេះសំណាលនេះ គឺជាផ្នែកមួយនៃការអនុវត្តតួនាទីរបស់ព្រឹទ្ធសភា ក្នុងការពង្រឹងគណនេយ្យភាពជាមួយអង្គបោះឆ្នោត (សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់) ដើម្បីជំរុញការងាររដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែរឹងមាំ។ សម្តេចតេជោ ក៏មិនភ្លេចក្រើនរំឭកឱ្យអាជ្ញាធរយកចិត្តទុកដាក់លើសុខទុក្ខរបស់អតីតយុទ្ធជន និវត្តន៍ជន និងចូលរួមការពារធនធានធម្មជាតិនៅក្នុងមូលដ្ឋានឱ្យបានគង់វង្សផងដែរ៕
