Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បង្ក្រាបឃ្លាំងស្តុកសាច់បង្កក និងទំនិញខុសច្បាប់ពីថៃ ១០៧កន្លែង សម្រេចបិទបណ្តោះអាសន្ន ១២ទីតាំង និងឃាត់ខ្លួនមនុស្ស ៣នាក់

ភ្នំពេញ – រយៈពេល ៤ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការទ្រង់ទ្រាយធំ ចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញតូចធំ សរុបចំនួន ១០៧កន្លែង ដែលសង្ស័យថាមានការលាក់ស្តុក ចរាចរ និងចែកចាយផលិតផលសាច់បង្កក រួមទាំងទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ។ ជាលទ្ធផល ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានសម្រេចបិទទីតាំងជាបណ្តោះអាសន្នចំនួន ១២កន្លែង និងឃាត់ខ្លួនមនុស្ស ៣នាក់ ទៅសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នេះថា យុទ្ធនាការនេះធ្វើឡើងក្រោមបញ្ជាផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។ រដ្ឋបាលខណ្ឌទាំង១៤ បានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ដោយឡែក នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឃ្លាំងសង្ស័យចំនួន ១៨កន្លែងបន្ថែមទៀត កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះបានរកឃើញទីតាំងចំនួន ២ កន្លែង ដែលមានជាប់ពាក់ព័ន្ធនឹងការនាំចូលទំនិញខុសច្បាប់ពីប្រទេសថៃ៖

ទីតាំងទី១ (ខណ្ឌដង្កោ)៖ ជាឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុន «អេសខេអេសខេ ឯ.ក» ស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ក្រុមការងារបានរកឃើញទំនិញនាំចូលពីប្រទេសថៃសរុបចំនួន ៦១មុខ (រួមមាន៖ កាហ្វេ, ទឹកសេរ៉ូ, និងម៉្សៅទឹកដោះគោ) ដែលត្រូវបាននាំចូលតាំងពីដើមខែកុម្ភៈ ឆ្នាំ២០២៦ ពោលគឺបន្ទាប់ពីមានការបិទព្រំដែនគោក។

ទីតាំងទី២ (ខណ្ឌមានជ័យ)៖ ស្ថិតនៅផ្ទះលេខ ១០២ ផ្លូវ ៧៩BT ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។ ទីតាំងនេះត្រូវបានរកឃើញថាមានស្តុកទុកផលិតផលសាច់បង្កកខុសច្បាប់ រួមមាន ដៃមឹក និងជើងទា ដែលនាំចូលពីប្រទេសថៃ។

គិតត្រឹមថ្ងៃទី១៣ ខែមិថុនា សមត្ថកិច្ចបានសម្រេចបិទឃ្លុំបិទជាបណ្តោះអាសន្ននូវឃ្លាំងទាំង ២ខាងលើ ព្រមទាំងនាំខ្លួនម្ចាស់ និងអ្នកគ្រប់គ្រងឃ្លាំងចំនួន ៣នាក់ (២នាក់មកពីខណ្ឌដង្កោ និង ១នាក់មកពីខណ្ឌមានជ័យ) ទៅធ្វើការសាកសួរចម្លើយបន្ថែមនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទចាប់អារម្មណ៍ច្រើន