ភ្នំពេញ — ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំលើកទី២ នៅថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ១៣:៣០ រសៀល ដើម្បីពិភាក្សាអំពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៦។
គិតត្រឹមបច្ចុប្បន្ន កិច្ចប្រជុំទាំងអស់មានចំនួន ១១ លើក រួមមាន កិច្ចប្រជុំត្រីភាគី ២ លើក កិច្ចប្រជុំទ្វេភាគី ៣ លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ៣ លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីនិយោជក ៣ លើក។ ក្នុងកិច្ចប្រជុំ ភាគីពាក់ព័ន្ធបានបន្តបង្ហាញមូលហេតុ និងគោលជំហរផ្ទៃក្នុងរបស់ខ្លួន ដោយមានការប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ។
លទ្ធផលនៃកិច្ចពិភាក្សា ឃើញថា តំណាងភាគីកម្មករនិយោជិតបានស្នើឲ្យបន្ថែមប្រាក់ឈ្នួលចំនួន ១០ ដុល្លារអាមេរិក ពីតម្លៃបច្ចុប្បន្ន ២០៨ ដុល្លារឡើងជា ២១៨ ដុល្លារ ខណៈដែលតំណាងភាគីនិយោជកបានស្នើឲ្យរក្សាតម្លៃដដែល ២០៨ ដុល្លារដដែល។
អង្គប្រជុំបានឯកភាពកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដូចបានកំណត់ក្នុងកាលវិភាគសេចក្តីជូនដំណឹង កាលពីថ្ងៃទី២០ ខែសីហា។
