Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា ទទួលភ្ញៀវទេសចរអន្តរជាតិជាង ៤លាននាក់ ក្នុងរយៈពេល៨ខែ ឆ្នាំនេះ

តាមរយៈសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធាន «ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលទេសចរអន្តរជាតិមានប្រមាណជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិមានចំនួន ១៧.២៨លាននាក់ កើនឡើងជិត៥៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។

សារលិខិតដដែលបានបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២៤ កន្លងទៅកម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៦.៧លាននាក់ កើនឡើង ២២.៩% ទេសចរជាតិមានចំនួន ២២.៥២លាននាក់ កើនឡើង ២០.១% ធៀបជាមួយរយៈពេលដូចគ្នា ឆ្នាំ២០២៣ ចំណូលពីទេសចរណ៍អន្តរជាតិមានចំនួន ៣ ៦៣៧លានដុល្លារអាម៉េរិក ដោយរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៩.៤% ជាមួយនឹងការបង្កើតមុខរបរប្រមាណ ៥១ម៉ឺននាក់។

បើតាមការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ភាពរីកចម្រើននៃវិស័យទេសចរណ៍ ជាបន្តបន្ទាប់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបានរួមចំណែក ក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ រួមមានវិស័យឯកជនផងដែរ ឱ្យកាន់តែរស់រវើក តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពបង្កើតការងារ ចំណូល និងចលករ ជំរុញសកម្មភាពសេដ្ឋកិច្ចសម្រេចបានកំណើនជាបន្តបន្ទាប់។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា ជាមួយនឹងការបន្តថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ កម្ពុជាបន្តជាគោលដៅទេសចរណ៍ដែលមាន សុវត្ថិភាព ផ្តល់ឱកាសវិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញមួយក្នុងតំបន់អាស៊ី ជាពិសេសបានធ្វើឱ្យ វិស័យទេសចរណ៍ក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងរយៈពេល៣០ឆ្នាំ ចុងក្រោយនេះ។

ក្នុងន័យនេះ សម្ដេចមហាបវរធិបតីនៅតែមាន សុទិដ្ឋិនិយមថាវិស័យទេសចរណ៍ បន្តជាវិស័យអាទិភាពសេដ្ឋកិច្ចមួយដ៏សំខាន់ តាមរយៈការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល ការជំរុញការនាំចេញនៅនឹងកន្លែងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការបង្កើនចំណូលជាតិ ការចូលរួមដល់ការអភិរក្សវប្បធម៌ និងការថែរក្សា ការពារបរិស្ថាន ធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់៕

ប្រភព៖ Fresh News

អត្ថបទចាប់អារម្មណ៍ច្រើន