Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អំពាវនាវពលរដ្ឋខ្មែរកុំប្រើប្រាស់ទង្វើអមនុស្សធម៌តបតនឹងថៃ និងជំរុញឲ្យឈប់ប្រើប្រាស់ទំនិញថៃ និងប្រាក់បាត

ភ្នំពេញ — សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នេះ បានបង្ហោះសារយ៉ាងវែងនៅលើបណ្តាញសង្គម ដោយថ្កោលទោសចំពោះសកម្មភាពជនជាតិថៃមួយក្រុមដែលបានដាក់តាំងរូបសម្តេចដើម្បីបាញ់យករង្វាន់ ហើយបានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋកម្ពុជាកុំឲ្យធ្វើទង្វើតបតតាមរបៀបអសីលធម៌ដូចគ្នា។

សម្តេចតេជោ បានភ្ជាប់ជាមួយវីដេអូដែលបង្ហាញពីសកម្មភាពខាងលើ និងបានលើកឡើងថា “នេះឬជាជនជាតិស៊ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់?” សម្តេចបានចាត់ទុកសកម្មភាពនេះថាជា “ទង្វើអមនុស្ស និងអន់ជាងសត្វ” ទោះបីជាវីដេអូនោះធ្វើឡើងដោយមនុស្សផ្ទាល់ ឬដោយប្រព័ន្ធ AI ក៏ដោយ។

អំពាវនាវកុំធ្វើទង្វើអមនុស្សធម៌តបត

សម្តេចបានមានប្រសាសន៍ថា ធ្លាប់មានសំណូមពរពីបងប្អូនជនរួមជាតិមួយចំនួនសុំធ្វើការតបតដោយយករូបថត ឬព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃមកដាក់បាញ់យករង្វាន់វិញ ប៉ុន្តែសម្តេចបានហាមឃាត់ភ្លាមៗ។

សម្តេចបានពន្យល់ដល់ជនរួមជាតិថា “បើយល់ថាគេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។”

សម្តេចបានបញ្ជាក់បន្ថែមថា គោលដៅរបស់ជនទាំងនោះ គឺចង់ធ្វើឲ្យសម្តេចបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ក៏ញុះញង់ឲ្យកងទ័ព និងប្រជាជនកម្ពុជាមួយចំនួនតបតតាមរបៀបបង្កអរិយភាព។

ជាថ្មីម្តងទៀត សម្តេចតេជោបានអំពាវនាវដល់ជនរួមជាតិខ្មែរ “សូមកុំយកព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឲ្យសោះ” ដើម្បីបន្តរក្សាភាពជាជាតិសាសន៍ថ្លៃថ្នូរ និងមានសីលធម៌ខ្ពស់។

ជំរុញឈប់ប្រើប្រាស់ទំនិញថៃ និងប្រាក់បាត

សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យប្រជាពលរដ្ឋកម្ពុជាប្ដូរឥរិយាបថ ដោយងាកមកប្រើប្រាស់កម្លាំងសេដ្ឋកិច្ចជាយុទ្ធសាស្ត្រតបតវិញ។ សម្តេចបានអំពាវនាវថា “ប្រសិនបើបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង។”

ទន្ទឹមនឹងនេះ សម្តេចក៏បានហាមឃាត់សកម្មភាពណាមួយដែលប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជា ដោយសម្តេចនៅតែជឿជាក់ថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។

ចំណាត់ការសេដ្ឋកិច្ច៖ “វាយក្បាលគេត្រូវក្បាលខ្លួនឯង”

សម្តេចតេជោបានឆ្លើយតបទៅកាន់ថ្នាក់ដឹកនាំថៃមួយចំនួនដែលវាយតម្លៃខុសថាសេដ្ឋកិច្ចកម្ពុជាកំពុងជួបការលំបាកក្រោយថៃបិទព្រំដែនថា៖ “ខ្ញុំគួរតែអរគុណអ្នកដឹកនាំថៃម្តងទៀត ដែលវាយក្បាលគេត្រូវក្បាលខ្លួនឯង” ព្រោះកម្ពុជាធ្លាប់ចំណាយមិនតិចជាង ៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗដើម្បីទិញទំនិញថៃ ដែលលុយទាំងនោះត្រូវបានបង្វិលមកទិញទំនិញក្នុងស្រុកថៃវិញ។ ការឈប់ទិញទំនិញថៃនេះនឹងក្លាយជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា និងធ្វើឲ្យប្រជាជនថៃដែលធ្លាប់លក់ដូរមកកម្ពុជាបាត់បង់អតិថិជនដ៏ធំ។

ជាចុងក្រោយ សម្តេចតេជោបានក្រើនរំលឹកដល់បងប្អូនជាពិសេសអ្នកនៅជិតព្រំដែនថៃ ឲ្យប្រញាប់ប្ដូរប្រាក់បាតថៃជាមួយប្រាក់រៀល ឬដុល្លារ ដើម្បីជៀសវាងការខាតបង់ធ្ងន់ធ្ងរ និងដើម្បីពង្រឹងឯករាជ្យភាពរូបិយវត្ថុជាតិ ព្រោះការប្រើប្រាស់ប្រាក់បាតអាចក្លាយជាចំណុចខ្សោយដែលគេគំរាមដូចករណីអគ្គិសនី អ៊ីនធឺណិត និងប្រេងឥន្ធនៈកាលពីពេលមុន៕

អត្ថបទចាប់អារម្មណ៍ច្រើន