រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងទៅនឹងការបន្តឈរជើង និងការកាន់កាប់ជាក់ស្តែងដោយកម្លាំងយោធាថៃនៅលើទឹកដីកម្ពុជានៅក្នុងតំបន់មួយចំនួនតាមបណ្តោយព្រំដែន ដែលជាអំពើខុសច្បាប់ និងគ្មានមូលដ្ឋានទាល់តែសោះក្រោមច្បាប់អន្តរជាតិ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅក្នុងការធ្វើបច្ចបច្ចុប្បន្នភាពស្តីពីការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦។
ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ចំពោះការកាន់កាប់ និងបន្តកាន់កាប់តាមរយៈការគម្រាមកំហែង និងការប្រើប្រាស់កម្លាំង គឺជាការផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបាន នៃច្បាប់អន្តរជាតិ។ ឯកឧត្តម បានបន្តថា ការគ្រប់គ្រងទឹកដី សកម្មភាពរដ្ឋបាល ឬក៏ការអនុវត្តសិទ្ធិអំណាចដែលកើតចេញពីទង្វើបែបនេះវាគ្មានតម្លៃផ្លូវច្បាប់ និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយ។
សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃបែបនេះគឺផ្ទុយស្រឡះទៅនឹងការប្តេជ្ញាចិត្ត របស់ថៃ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធីក្រោមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទៅទៅចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាស្មារតីនៃកិច្ចព្រមព្រៀងដែលមានកាលពីពេលកន្លងមក។
ចំណែកឯការដាក់ពង្រាយទូកុងតឺន័រ ការរាយលួសបន្លា និងការដោតទង់ជាតិ គឺជាការបំពានទៅលើខ្សែបន្ទាត់ព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ ដែលមិនអាចទទួលយកបានឡើយ៕
