Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ពលរដ្ឋភៀសសឹក៥សែននាក់ត្រឡប់ទៅលំនៅឋានវិញ ខណៈ ១៥ម៉ឺននាក់ កំពុងបន្ត​ស្នាក់នៅ​ជំរំ

ក្រសួងមហាផ្ទៃ​បាន​ឱ្យដឹងថា គិត​ពីម៉ោង៦ព្រឹក ថ្ងៃទី១៣ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ មាន​ពលរដ្ឋ​ភៀសសឹក ៥១០១នាក់បន្ថែមទៀត បានបន្ត​វិលទៅលំនៅឋានវិញ ធ្វើ​ឱ្យ​ចំនួនជនភៀសសឹកសរុបដែលបានវិលត្រឡប់ទៅលំនៅឋានវិញ មានប្រមាណជិត៥សែននាក់ ខណៈពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមាន​ចំនួន ១៥០ ១៤៦នាក់​។

ក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃនេះ ក្រសួងមហាផ្ទៃ​បាន​ឱ្យដឹងថា ពលរដ្ឋ​ភៀសសឹកខ្លះបានវិលទៅដល់ភូមិករមែន ប៉ុន្តែ​ត្រូវ​បង្ខំចិត្ត​ស្នាក់នៅជំរំបណ្តោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសម្បែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ។

របាយការណ៍ដដែលក៏​បាន​ឱ្យដឹងដែរថា សេវាសាធារណៈមួយ​ចំនួននៅបន្តផ្អាកនៅឡើយ ដូចជានៅខេត្ត​ឧត្តរមានជ័យ សាលារៀនចំនួន៤០ មន្ទីរពេទ្យ​មណ្ឌលសុខភាពចំនួន ៧ រដ្ឋបាលនៅថ្នាក់សង្កាត់ ចំនួន១ និង​ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ១បន្តបិទផ្អាក ខណៈនៅខេត្ត​បន្ទាយមានជ័យ មានសាលារៀនចំនួន៥ និងមន្ទីរពេទ្យមណ្ឌលសុខភាព១បន្តបិទ។ ដោយឡែកខេត្ត​ព្រះវិហារ មានសាលារៀនចំនួន២៩ និងមន្ទីរពេទ្យ/មណ្ឌលសុខភាពចំនួន១៤ នៅបន្ត​បិទផ្អាក។

ជាមួយគ្នានេះ អាជ្ញាធរខេត្តព្រះវិហារកំពុងចុះស្រង់ផលប៉ះពាល់ និងការខូចខាត ព្រមទាំងបន្ត​ឧបត្ថម្ភ​គាំទ្រ​ពលរដ្ឋ​ដែលពុំ​ទាន់អាច​ចូលស្នាក់នៅក្នុងផ្ទះ។ ខេត្ត​ឧត្តរមានជ័យ មានភូមិ​ចំនួន ៨៤ ពុំទាន់អាច​ឱ្យ​ពលរដ្ឋ​ចូលទៅរស់នៅបាន ខណៈមន្រ្តីកំពុងរៀបចំផ្ទះ និងភូមិករពលរដ្ឋ ១៧២ភូមិ។ ខេត្ត​បន្ទាយមានជ័យ អាជ្ញាធរដែនដី និង​មន្រ្តីពាក់ព័ន្ធ​កំពុងរៀបចំកន្លែង​ស្នាក់នៅបណ្តោះអាសន្ន​ជូនពលរដ្ឋ​ដែលពុំទាន់អាច​ចូលរស់​នៅក្នុងផ្ទះចំនួន ២៧៣៥គ្រួសារ៕

អត្ថបទចាប់អារម្មណ៍ច្រើន

ព័ត៌មានជាតិ

ប្រទេសជប៉ុន សម្រេចផ្ដល់ឥ...

ពិភពលោក

យ៉ាងហោចណាស់មនុស្សចំនួន ១...