Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សម្តេចធិបតី ៖ ការ​សម្រេចចិត្ត​របស់កម្ពុជា​ចូលរួមជាសមាជិក​ស្ថាបនិក នៃក្រុមប្រឹក្សា​សន្តិភាព ដើម្បីបង្ហាញ​ឆន្ទៈលើក​កម្ពស់ការ​រក្សា​សន្តិភាពសកល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ (២៧ មករា) បានបញ្ជាក់ថា ការ​សម្រេចចិត្ត​របស់កម្ពុជាចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។

សម្តេចមានប្រសាសន៍ថា សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។

ដោយឡែកអំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ សម្តេចធិបតីបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ គឺមិនតម្រូវឱ្យបង់ថវិកាទេ។ ហើយចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ។

គួរជំរាបថា ក្នុងជំនួបជាមួយ​មេបញ្ជាការ នៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិកអាម៉េរិក នាយឧត្តមនាវី Samuel Paparo កាលពីថ្ងៃទី២៦ មករា ម្សិលមិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានបទឈប់បាញ់ កម្ពុជា-ថៃ និងបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ “សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ” កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ក្នុងឱកាស​នោះ សម្តេចបវរធិបតី ក៏បានជម្រាបមេបញ្ជាការអាមេរិកថា កម្ពុជាបានទទួលលិខិតអញ្ញើញរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការចូលរួម “ក្រុមប្រឹក្សាសន្តិភាព”។ កម្ពុជានឹងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះ ដែលការណ៍នេះ បានបង្ហាញនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាចំពោះសន្តិភាពសកល៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

តម្លៃប្រេងបានកើនឡើងជាង ២...