Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប ហាមការលក់ខ្លែងបរទេសក្នុងព្រឹត្តិការណ៍ “បុណ្យខ្លែងឯក ខ្លែងសេរី” លើកទី២

(ខេត្តសៀមរាប) ៖ ដើម្បីថែរក្សានូវអត្តសញ្ញាណវប្បធម៌ខ្មែរឱ្យបានសុទ្ធសាធ រដ្ឋបាលខេត្តសៀមរាបបានសម្រេចមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងនាំចូលពីបរទេស នៅក្នុងឱកាសព្រឹត្តិការណ៍ “បុណ្យខ្លែងឯក ខ្លែងសេរី” លើកទី២ ដែលនឹងប្រព្រឹត្តទៅនាពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦នេះ។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំកាលពីថ្ងៃទី០៣ ខែកុម្ភៈ លោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានបញ្ជាក់ថា វិធានការនេះធ្វើឡើងក្នុងគោលបំណងបើកឱកាសឱ្យ “ខ្លែងខ្មែរ” បង្ហាញវត្តមានយ៉ាងពេញលេញ និងជម្រុញឱ្យមហាជនងាកមកចាប់អារម្មណ៍ស្នាដៃសិល្បៈដូនតា។ ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានខ្លែងផ្ទាល់ខ្លួន (មិនថាខ្លែងប្រភេទណាក៏ដោយ) គឺនៅតែអាចយកមកបង្ហោះលេងកម្សាន្តបានដោយសេរី។

ចំណុចសំខាន់ៗនៃព្រឹត្តិការណ៍ឆ្នាំនេះ រួមមាន៖

ការរឹតបន្តឹងបច្ចេកទេស ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត កំពុងកែសម្រួលលក្ខន្តិកៈប្រកួត ដើម្បីជំរុញការបន្លឺសំឡេង “ឯក” ឱ្យបានត្រឹមត្រូវតាមស្តង់ដារបុរាណ។

ការចូលរួមពីយុវជន៖ មានការលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យចូលរួមទស្សនា ដើម្បីបណ្តុះស្មារតីស្រឡាញ់វប្បធម៌។

ពិព័រណ៍ផលិតផលខ្មែរ៖ មានស្តង់ “ភូមិ១ ផលិតផល១” ចំនួន ១០០ស្តង់ និងស្តង់ ស.ស.យ.ក ចំនួន ៥០ស្តង់ ដើម្បីជួយសេដ្ឋកិច្ចសហគមន៍។

សន្តិសុខ៖ មានការដាក់ពង្រាយកម្លាំងចម្រុះចំនួន ១៧៧នាក់ ដើម្បីធានាសណ្តាប់ធ្នាប់។

សូមបញ្ជាក់ថា ពិធី “បុណ្យខ្លែងឯក ខ្លែងសេរី” លើកទី២ នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប។

អត្ថបទចាប់អារម្មណ៍ច្រើន