នៅថ្ងៃទី១៩ ខែកុម្ភៈ ក្រុមប្រឹក្សាសន្តិភាព ដែលបង្កើតឡើងដោយលោក ដូណាល់ ជេ ត្រាំ នឹងបើកកិច្ចប្រជុំដំបូងរបស់ខ្លួន នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន, កិច្ចប្រជុំដំបូងនេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏នឹងដឹកនាំគណៈប្រតិភូទៅចូលរួមផងដែរ។
ប្រទេសកម្ពុជា បានសម្រេចចូលរួមជាសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កាលពីពាក់កណ្តាលខែមករា។ ក្នុងនាមជាសមាជិកស្ថាបនិកសម្រាប់អាណត្តិ៣ឆ្នាំ ការចូលរួមរបស់កម្ពុជា គឺមិនតម្រូវឱ្យបង់ថវិកាទេ។ បើតាមការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។
យ៉ាងណាក៏ដោយ ការទៅចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាភាព នៅសហរដ្ឋអាមេរិកនេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេចធិបតីនាយករដ្ឋមន្រ្តី នឹងជួបទ្វេភាគីជាមួយឥស្សរជនសហរដ្ឋអាមេរិក និងមេដឹកនាំ នៃប្រទេសឯទៀតមួយចំនួន ដើម្បីផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា។
សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏មានគម្រោងធ្វើទស្សនកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុប រួមទាំងទីក្រុងហ្សឺណែវ និងទីក្រុងព្រុចសែល ដោយនឹងមានជំនួបជាមួយថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីបង្កើនភាពជាដៃគូ និងកិច្ចសហការបន្ថែមទៀត៕
