Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា និងឥណ្ឌា រួមគ្នាជំរុញទេសចរណ៍ ជាមួយការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុង Bengaluru

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាចុងសប្តាហ៍កន្លងទៅនេះ បានអនុញ្ញាតជូនលោក Karthik Tallam កុងស៊ុលកិត្តិយសកម្ពុជាប្រចាំ ទីក្រុង Bengaluru (ឈ្មោះពីមុន Bangalore) រដ្ឋ Karnataka នៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហការក្នុងវិស័យទេសចរណ៍ និងការវិនិយោគបន្ថែមរវាងកម្ពុជា និងឥណ្ឌា នាទីស្តីការក្រសួង។

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោក Karthik Tallam បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តផ្សព្វផ្សាយលើកកម្ពស់សក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់កម្ពុជាជូនដល់វិនិយោគិន និងប្រជាពលរដ្ឋឥណ្ឌា ជាពិសេសអ្នករស់នៅ និងធ្វើអាជីវកម្មនៅទីក្រុង Bengaluru (Bangalore) និងបណ្តាក្រោមដែនសមត្ថកិច្ចរបស់ស្ថានកុងស៊ុល។

បន្ថែមពីលើនេះ លោកក៏បានគូសបញ្ជាក់ពការពង្រឹងពង្រីកកិច្ចសហការលើវិស័យទេសចរណ៍រវាងខេត្តសៀមរាប និងរដ្ឋ Karnataka ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតក្រោមក្របខណ្ឌកិច្ចព្រមពៀងទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និងរដ្ឋ Karnataka ដែលបានចុះហត្ថលេខាកាលពីខែកញ្ញា ឆ្នាំ2025 កន្លងមក ជាពិសេសគឺកិច្ចប្រឹងប្រែងរួមគ្នាជំរុញដល់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាដ៏ធំ Indigo Airlines ហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុង Bengaluru (ហៅពីមុន Bangalore) ដើម្បីជំរុញកំណើនភ្ញៀវទេសចរឥណ្ឌាមកកម្ពុជាឱ្យកាន់តែច្រើនឡើង។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះតួនាទីដ៏សកម្មរបស់លោកកុងស៊ុលកិត្តិយស ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងកាលានុវត្តភាពវិនិយោគកម្ពុជានៅប្រទេសឥណ្ឌា រួមទាំងគំនិតផ្តួចផ្តើមដ៏ល្អនាពេលនេះដែលពិតជាជួយទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនឥណ្ឌាមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើលោកកុងស៊ុលកិត្តិយស បន្តជួយផ្សព្វផ្សាយព័ត៌មានពិតអំពីស្ថានភាពនយោបាយ សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងឆាប់រហ័សរបស់កម្ពុជា ដល់ប្រជាពលរដ្ឋនិងវិនិយោគិនឥណ្ឌា ព្រមទាំងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយពីកម្ពុជា ដែលការពិត កម្ពជាជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងសន្តិសុខ៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

តម្លៃប្រេងបានកើនឡើងជាង ២...