Connect with us

Hi, what are you looking for?

សង្គម

ពលរដ្ឋ ២០ គ្រួសារ នៅខេត្តសៀមរាប សម្តែងការបារម្ភ ក្រោយអាជ្ញាធរចេញលិខិតវាស់វែងដីជាថ្មីឱ្យ​អាជ្ញាធរ​អប្សរា

(សៀមរាប) ៖ ប្រជាពលរដ្ឋប្រមាណ ២០ គ្រួសារ ដែលជាម្ចាស់ក្បាលដីស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប បានសម្តែងការព្រួយបារម្ភ បន្ទាប់ពីអាជ្ញាធរបានចេញលិខិតជូនដំណឹង ស្តីពីការចុះវាស់វែងក្បាលដីរបស់ពួកគាត់ជាថ្មីម្តងទៀតឱ្យ​ទៅអាជ្ញាធរអប្សរា ខណៈមិនទាន់បានដោះស្រាយគោលនយោបាយត្រឹមត្រូវ។

លោក ឡាយ សុកថុល ម្ចាស់ក្បាលដីលេខ ១៨៩ បានឱ្យដឹងថា លោកបានកាន់កាប់ដីនេះតាំងពីឆ្នាំ២០០៧ ហើយក្បាលដីភាគច្រើនក្នុងតំបន់ត្រូវបានវាស់វែងរួចហើយក្រោមការអនុវត្តអនុក្រឹត្យលេខ ១៥៨ ដែលមានចំនួនជិត ៣០០ ក្បាលដី។ ក្រោយ​ពីមានការប្តឹងតវ៉ារវាង​ប្រជាពលរដ្ឋ និងអាជ្ញាធរអប្សរា គិតមកដល់ថ្ងៃនេះ គឺនៅសល់តែចំនួន ៤០ ក្បាលដីប៉ុណ្ណោះ ដែលមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ក្រោមហេតុផលថា ត្រូវបានដោះស្រាយគោលនយោបាយរួច និងមានឯកសារ IRC ត្រឹមត្រូវ។

លោក សុកថុល និយាយថា តំបន់ដីនេះស្ថិតនៅចំណុចខាងត្បូងផ្លូវ ៦០ ម៉ែត្រ ក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប (អតីតភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង) ដែលមុននេះស្ថិតក្នុងការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ នៅឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ១៥៨ ដើម្បីកាត់ឆ្វៀលដីចេញពីតំបន់នោះ សម្រាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ។

យ៉ាងណាក៏ដោយ បន្ទាប់ពីការវាស់វែង និងបិទផ្សាយលទ្ធផលក្នុងឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាបានដាក់ពាក្យជំទាស់លើក្បាលដីទាំងប្រមាណ ២៩០ ដោយអះអាងថា បានដោះស្រាយគោលនយោបាយរួចរាល់។ បន្ទាប់មក ក្នុងឆ្នាំ២០១៧ ដល់ ២០១៨ មានក្រុមមនុស្សមួយចំនួនបានចរចាជាមួយប្រជាពលរដ្ឋ ដើម្បីស្នើឱ្យប្រគល់ដីប្រហែល ៥០% ជាថ្នូរនឹងការទទួលបានប្លង់រឹង។ ជាលទ្ធផល ក្បាលដីភាគច្រើនបានទទួលប្លង់ជាបន្តបន្ទាប់ ខណៈនៅសល់ប្រហែល ៥៥ ក្បាលដីមិនទាន់ទទួលបាន។

លោក ឡាយ សុកថុល មានប្រសាសន៍ថា «ពួកយើងទាំង ២០ គ្រួសារ មិនដែលទទួលបានការដោះស្រាយគោលនយោបាយណាមួយពីអាជ្ញាធរឡើយ។ ប្រសិនបើអាជ្ញាធរអះអាងថាបានដោះស្រាយរួច សូមបង្ហាញឯកសារភស្តុតាង។ បើមានពិត ពួកយើងសុខចិត្តប្រគល់ដីជូនភ្លាម»។

ចំណែកអ្នកស្រី ណៅ អាំងហួយ ជាគ្រូបង្រៀនម្នាក់ បានលើកឡើងថា ដីរបស់អ្នកស្រីមានទំហំ ៦x២០ ម៉ែត្រ និងបានសាងសង់ផ្ទះរួចរាល់ ប៉ុន្តែមិនទាន់ទទួលបានប្លង់កម្មសិទ្ធិ ខណៈអ្នកនៅជិតខាងទទួលបានរួចរាល់។ អ្នកស្រីបានបន្ថែមថា កន្លងមកមានមនុស្សមកស្នើសុំប្រាក់ប្រហែល ៧០០ ដុល្លារ ដើម្បីជួយធ្វើប្លង់ ប៉ុន្តែដោយសារខ្វះលទ្ធភាពហិរញ្ញវត្ថុ ទើបធ្វើឱ្យឈ្មោះរបស់អ្នកស្រីនៅតែស្ថិតក្នុងបញ្ជីត្រូវវាស់វែងឡើងវិញ។

ក្រុមប្រជាពលរដ្ឋទាំង ២០ គ្រួសារ បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាពន្លឿនដំណើរការចេញប្លង់កម្មសិទ្ធិជូនពួកគាត់ ឱ្យបានឆាប់តាមគោលការណ៍ប្រទានកម្មរបស់រាជរដ្ឋាភិបាល។ ពួកគាត់បានបញ្ជាក់ថា ការចេញលិខិតឱ្យរង់ចាំ ប៉ុន្តែមិនអនុវត្តជាក់ស្តែង អាចបង្កឱ្យមានការយល់ច្រឡំ និងអារម្មណ៍បារម្ភដល់ម្ចាស់ដី។
ក្នុងករណីដែលបញ្ហានេះមិនទាន់ទទួលបានដំណោះស្រាយសមស្រប ពួកគាត់មានផែនការដាក់បណ្តឹងជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីសុំអន្តរាគមន៍រកយុត្តិធម៌៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

តម្លៃប្រេងបានកើនឡើងជាង ២...