កូរ៉េខាងជើង បានបាញ់សាកល្បងប្រព័ន្ធសព្វាវុធជាច្រើនគ្រឿង ក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នា រួមទាំង ការបាញ់មីស៊ីលផ្លោង និង គ្រាប់បែកចង្កោម។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA អះអាង នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា នេះ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA បានរាយការណ៍ថា អាវុធដែលត្រូវបានសាកល្បង ក៏រួមបញ្ចូលផងដែរ នូវប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ រយៈចម្ងាយខ្លី ចល័ត។

KCNA បាននិយាយថា ការធ្វើតេស្តនេះ បានធ្វើឡើង នៅថ្ងៃចន្ទ, អង្គារ និងថ្ងៃពុធ សប្តាហ៍នេះ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ជាប្រចាំ ក្នុងការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសព្វាវុធ។
យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ២ជុំ កាលពីថ្ងៃពុធ និង គ្រាប់ផ្លោងមិនស្គាល់អត្តសញ្ញាណ កាលពី ២ថ្ងៃមុន។
ក្រុមអ្នកវិភាគ បាននិយាយថា ការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោង របស់ប្រទេសកូរ៉េខាងជើង នៅឆ្នាំនេះ បានបង្ហាញពីការបដិសេធចុងក្រោយរបស់ខ្លួន ចំពោះការប៉ុនប៉ងរបស់ទីក្រុងសេអ៊ូល ដែលចង់ជួសជុលទំនាក់ទំនង ជាមួយកូរ៉េខាងជើងឡើងវិញ ៕
