ភ្នំពេញ — យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកែសម្រួលអត្រាពន្ធគយនាំចូល និងអត្រាអាករនាំចេញលើមុខទំនិញមួយចំនួន តាមរយៈអនុក្រឹត្យលេខ ៥២ អនក្រ.បក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។
ការសម្រេចនេះ នឹងត្រូវចាប់ផ្តើមអនុវត្តជាផ្លូវការចាប់ពី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ តទៅ ដោយក្នុងនោះ មានការបញ្ចុះអត្រាពន្ធនាំចូលរហូតដល់ ០% ទៅលើវិស័យយានយន្តអគ្គិសនី និងថាមពលស្អាតដូចជា ៖
ពី ៧% មក ០% ៖ លើឧបករណ៍សាកអាគុយរថយន្តអគ្គិសនី ផ្ទាំងប៉ាណូអគ្គិសនី និងចង្ក្រានឡសូឡា (សរុប ០៩ បន្ទាត់ពន្ធ)។
ពី ១៥% មក ០% ៖ លើម៉ូទ័រសម្រាប់យានយន្តអគ្គិសនី, ប្រព័ន្ធថាមពលសូឡា, អាគុយសម្រាប់យានយន្ត និងឧបករណ៍ផ្ទុកថាមពល (Power bank, Power station), ទូរសព្ទ, ចង្ក្រានអគ្គិសនី, កំសៀវអគ្គិសនី និងរថយន្តដឹកអ្នកដំណើរ/ដឹកទំនិញប្រភេទ HEV, PHEV និង EV (សរុប ១៧៩ បន្ទាត់ពន្ធ)។
ពី ៣៥% មក ០% ៖ លើចង្ក្រានអគ្គិសនី, ចង្ក្រានអាំងសាច់ និងរថយន្តគ្រួសារប្រភេទ EV (សរុប ១២ បន្ទាត់ពន្ធ)។
ដោយឡែកអត្រាពន្ធលើរថយន្ត Hybrid និងអាករនាំចេញមានដូចជា ៖
រថយន្តគ្រួសារប្រភេទ PHEV ៖ បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មកត្រឹម ៧% (សរុប ៩២ បន្ទាត់ពន្ធ)។
អាករនាំចេញរ៉ែបុកស៊ីត ៖ បញ្ចុះអត្រាអាករនាំចេញពី ២៥% មកត្រឹម ១០% សម្រាប់រ៉ែបុកស៊ីត (រ៉ែអាលុយមីញ៉ូម)។
ការកែសម្រួលអត្រាពន្ធនេះ ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រក្នុងការលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យងាកមកប្រើប្រាស់យានយន្តអគ្គិសនី និងសម្ភារប្រើប្រាស់ដែលជួយដល់បរិស្ថាន ក៏ដូចជាការជួយសម្រួលដល់ថ្លៃដើម នៃការនាំចូលទំនិញបច្ចេកវិទ្យាទំនើបៗផងដែរ៕
