Connect with us

Hi, what are you looking for?

ពិភពលោក

យន្ដហោះដឹកអ្នកដំណើរ បុកឧទ្ធម្ភាគចក្រយោធាអាមេរិក នៅលើអាកាស ក្នុងទីក្រុងវ៉ាស៊ីនតោន

យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង បានបុកគ្នានៅកណ្ដាលអាកាស កាលពីយប់ថ្ងៃពុធ ទី២៩ ខែមករា (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ជាមួយឧទ្ធម្ភាគចក្រយោធាអាមេរិក Black Hawk ហើយបានធ្លាក់ចូលទន្លេ Potomac ស្ថិតនៅក្បែរអាកាសយានដ្ឋាន Reagan National Airport។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រោយឧបទ្ទវហេតុនេះកើតឡើង អាជ្ញាធរអាមេរិកបញ្ជូនក្រុមអ្នកជួយសង្រ្គោះទៅកាន់កន្លែងកើតហេតុភ្លាមៗ រីឯជើងហោះហើរទាំងអស់នៅឯអាកាសដ្ឋាន Reagan National Airport ត្រូវបានផ្អាក ជាបណ្ដោះអាសន្ន។ ព្រមពេលជាមួយគ្នា អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់ទូរទស្សន៍ Fox News ថាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទួលការជូនដំណឹងពី ឧបទ្ទវហេតុនេះហើយ។ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពី ជនរងគ្រោះណាម្នាក់ទេ។

គួរបញ្ជាក់ថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក FAA បានឱ្យដឹងថាយន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន PSA Airlines បានបុកគ្នានៅកណ្ដាលអាកាសជាមួយឧទ្ធម្ភាគចក្រយោធាអាមេរិក Black Hawk នៅពេលហោះជិតទៅដល់អាកាសយានដ្ឋាន Reagan National Airport។ ក្រុមហ៊ុន PSA Airlines ដែលធ្វើប្រតិបត្តិការជើងហោះហើរលេខ ៥៣៤២ សម្រាប់ក្រុមហ៊ុន American Airlines គឺបាន ហោះចាកចេញពីទីក្រុង Wichita រដ្ឋ Kansas។ តាម American Airlines យន្ដហោះនេះមានផ្ទុកអ្នកដំណើរ៦០នាក់ និងក្រុមការងារនៅលើយន្ដហោះ៤នាក់ រីឯយោធាអាមេរិកអះអាងថាមានទាហាន ៣នាក់ ជិះនៅលើឧទ្ធម្ភាគចក្រ Black Hawk ៕

ប្រភព៖ Fresh News

អត្ថបទចាប់អារម្មណ៍ច្រើន