Connect with us

Hi, what are you looking for?

ពិភពលោក

ថៃកាត់ផ្តាច់សេវាទូរគមនាគមន៍​នៅក្បែរ​ព្រំដែន​កម្ពុជា ទប់ស្កាត់ក្រុម​ឆបោក​តាម​ប្រព័ន្ធអនឡាញនៅ​ក្រុង​ប៉ោយ​ប៉ែ​ត

កាសែត The Nation របស់ថៃ បានរាយការណ៍ថា កាលពីដើមសប្តាហ៍នេះ នគរបាលភូមិន្ទ និង​គណៈកម្មការ​ផ្សព្វផ្សាយ និង​ទូរគមនាគមន៍​ជាតិថៃ (NBTC) បានកាត់​ផ្តាច់សេវា​ទូរគមនាគមន៍​ដល់​ក្រុម​ឆបោក​តាម​ប្រព័ន្ធអនឡាញ ឬ call-centre នៅ​ក្រុង​ប៉ោយ​ប៉ែ​តនៃប្រទេស​កម្ពុជា។

ប្រតិបត្តិការ​នេះ ​ត្រូវ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​តំបន់​ចំនួន​បី​ក្នុង​ខេត្ត​ស្រះកែវ​របស់​ប្រទេស​ថៃ​រួមមាន៖ ស្ថានីយ​រថភ្លើង​ក្នុង​សង្កាត់​អារញ្ញប្រាថេត (Aranyaprathet), បង្គោលអង់តែនសេវា​ទូរសព្ទ​នៅ​ខាងក្រោយ​ផ្សារ​បេនចាវ៉ាន់ (Benjawan)​ ក្នុង​ស្រុក​ប៉ារ៉ៃ (Pa Rai), និង​បង្គោលអង់តែន​ទូរសព្ទ​មួយ​ទៀត​នៅ​សហគមន៍ ​បាន​ខក​សាវ៉ាង (Ban Khok Sawang) ​នៃ​ស្រុក​ថាខាំ (Tha Kham)។

ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ យីងយ៉ូស ថេបជុំណង់ (Yingyos Thepjumnong) អះអាងថា ប្រតិបត្តិការនេះធ្វើឡើងតាមការស្រាវជ្រាវ ដោយបានរកឃើញក្រុមឆបោកយ៉ាងសកម្មនៅក្រុងប៉ោយប៉ែត ដោយពួកគេបានប្រើប្រាស់បណ្តាញអ៊ីនធឺណែត និងសញ្ញាទូរសព្ទពីប្រទេសថៃ។ លើសពីនេះ លោក​បាន​ពន្យល់​ថា ក្រុមអ្នក​ឆបោក​បានដំឡើង​ស៊ីមកាត​នៅ​ព្រំដែន​កម្ពុជា ​ដើម្បី​ចូល​ប្រើប្រាស់​សេវា​ទូរគមនាគមន៍ ហើយមាន​ទីតាំងការិយាល័យ​ជាច្រើន​ត្រូវបានជួលធ្វើជាមជ្ឈមណ្ឌលឆបោក​នៅ​ក្រុងប៉ោយប៉ែត។

ឧត្តមសេនីយ៍ទោខាងលើបានសង្កត់ធ្ងន់ថា មន្ត្រីថៃកំពុងផ្តោតលើការកាត់ផ្តាច់បណ្តាញទូរគមនាគមន៍ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជនជួលអន្តរជាតិ (IPLC) ដែលផ្គត់ផ្គង់អ៊ីនធើណិត និងសេវាទូរសព្ទដល់អតិថិជនរាប់សិបនាក់ក្នុងប្រទេសកម្ពុជា។ យ៉ាងណា ជុំវិញករណីឆបោកតាមអនឡាញនេះ ​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ការ​រំលោភ​កិច្ចសន្យា និង​ការ​ប្រើ​សញ្ញា​ទូរគមនាគមន៍​ ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម។ យ៉ាងណា ក្រុមមន្ត្រីបានកាត់បន្ថយការបញ្ជូនបណ្តាញទូរគមនាគមន៍ និងបានដកបង្គោលសេវាទូរសព្ទចេញ ដើម្បីធានាថា មានតែប្រជាជននៅក្នុងប្រទេសថៃប៉ុណ្ណោះដែលអាចចូលប្រើប្រាស់បាន៕

អត្ថបទពាក់ព័ន្ធ