ពិភពលោក
ផ្ទាំងប៉ាណូចិនលក់លិខិតឆ្លងដែន ដែលមានលិខិតឆ្លងដែនកម្ពុជាផង ដាក់តាំងនៅតំបន់ China town ក្នុងទីក្រុងបាងកក
ផ្ទាំងប៉ាណូមួយត្រូវបានគេប្រទះឃើញនៅក្នុងសង្កាត់ Huai Khwang ដែលត្រូវគេហៅថា China town ក្នុងរាជធានីបាងកក ដែលមានការផ្សាយពាណិជ្ជកម្មជាភាសាចិន ធ្វើលិខិតឆ្លងដែន និងសញ្ជាតិ សម្រាប់លក់ ដែលក្នុងនោះក៏មានលិខិតឆ្លងដែនកម្ពុជាផង។
យ៉ាងណាក៏ដោយផ្ទាំងប៉ាណូនោះ ត្រូវបានអាជ្ញាធរថៃបញ្ជាឱ្យដកចេញវិញ ក្រោយដាក់តាំងបានមួយថ្ងៃ ។
លោក អានូទីន ចាន់វីរៈកុល (Anutin Charnvirakul) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃនិយាយថា គ្មានការអនុញ្ញាតឱ្យលក់លិខិតឆ្លងដែនលើទឹកដីថៃឡើយ ហើយមន្ទីររដ្ឋបាលខេត្តត្រូវធានាថា មិនមានផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មលក់លិខិតឆ្លងដែននៅក្នុងប្រទេសថៃទៀតទេ។

លោក អានូទីន បានលើកឡើងថា អ្នកគ្រប់គ្នាគួរតែដឹងហើយថា លិខិតឆ្លងដែនមិនអាចលក់ផ្តេសផ្តាសបានទេ ដូច្នេះ រដ្ឋបាលខេត្តមិនគួរអនុញ្ញាតឱ្យដាក់ផ្ទាំងប៉ាណូបែបនេះតាំងពីដំបូងមកម្ល៉េះ។ លោកបានសង្កត់ធ្ងន់ថា៖«ខ្ញុំ..បានប្រាប់រដ្ឋបាល់ខេត្តថា សញ្ញាប្រភេទនេះ មិនអាចដាក់ម្ដងទៀតបានទេ។ រាល់ការផ្សាយពាណិជ្ជកម្មដែលផ្តល់លិខិតឆ្លងដែនរបស់ប្រទេសណាមួយសម្រាប់លក់ គឺខុសច្បាប់។ ប្រទេសថៃមិនមែនជាកន្លែងដែលអ្នកក្រៅអាចមកធ្វើរឿងខុសច្បាប់នោះទេ។ [..] វាជារឿងធម្មតាទេដែលលិខិតឆ្លងដែនមិនអាចលក់ផ្តេសផ្តាសបាននោះ»៕
