Connect with us

Hi, what are you looking for?

ពិភពលោក

ជំហរ២ផ្សេងគ្នា! កម្ពុជា សង្ឃឹមថៃឯកភាពទៅតុលាការយុត្តិធម៌អន្តរជាតិជាមួយគ្នា ឯថៃ សង្ឃឹមអាចឃាត់កម្ពុជាបាន កុំឱ្យទៅតុលាការយុត្តិធម៌អន្តរជាតិ

មិនមែនគ្រាន់តែបង្ហាញគោលជំហរតាមរយៈក្រដាសសេចក្តីថ្លែងការណ៍នោះទេ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថៃ ថែមទាំងបានចេញមកនិយាយផ្ទាល់មាត់តាមរយៈប្រព័ន្ធផ្សព្វផ្សាយប្រាប់ទៅប្រជាជនខ្លួនផងដែរ ពីគោលជំហរជ្រើសរើសយកការចរចាជាមួយកម្ពុជាលើបញ្ហាប្រាសាទ និងតំបន់ប្រទាញប្រទង់គ្នា ជាជាងទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ក្នុងការចរចាជាមួយកម្ពុជា ថៃនៅតែចង់ពឹងផ្អែកលើយន្តការនានាដែលប្រទេសទាំង២កំពុងមានស្រាប់ និងកំពុងប្រើជាមួយគ្នា ដូចជា គណៈកម្មាធិការព្រំដែនចម្រុះ (JBC) ជាដើម បូករួមទាំងឯកសារច្បាប់ដទៃទៀត ដែលប្រទេសទាំងធ្លាប់រួមគ្នាបង្កើតឡើង។ នៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥នេះ គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) នឹងជួបពិភាក្សា។

គណៈរដ្ឋមន្រ្តីថៃ បើកកិច្ចប្រជុំ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ ដើម្បីពិភាក្សាអំពីស្ថានការណ៍កម្ពុជា-ថៃ ហើយបន្ទាប់ពីបញ្ចប់ លោកស្រី ផែថងថាន ឈិនៈវ័ត នាយករដ្ឋមន្រ្តីថៃ និងមន្រ្តីជាន់ខ្ពស់របស់លោកស្រី បានចេញមកនិយាយអំពីគោលជំហររបស់ប្រទេសថៃ។ លោកឧបនាយករដ្ឋមន្រ្តី ភូមថាំ វ៉េយ៉ាឆៃ (Phumtham Wechayachai) រដ្ឋមន្រ្តីការពារជាតិថៃ ដែលឈរនៅខាងស្តាំដៃលោកស្រីនាយករដ្ឋមន្រ្តី ផែថងថាន បានប្រកាសយ៉ាងដូច្នេះ ៖«រាជរដ្ឋាភិបាលថៃ សង្ឃឹមថា នឹងអាចរារាំងកម្ពុជាបាន មិនឱ្យយកបញ្ហាទឹកដី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ..»។

សម្តីរបស់លោករដ្ឋមន្រ្តីការពារជាតិថៃ ត្រូវបានកាសែត Bangkok post របស់ថៃ ស្រង់យកទៅចុះផ្សាយ។ នៅព្រឹកថ្ងៃទី៤ ខែមិថុនានេះដដែល រាជរដ្ឋាភិបាលថៃ បានចេញសេចក្តីថ្លែងការណ៍បង្ហាញជំហររបស់ខ្លួនរួចមកហើយ គឺមិនចង់ឡើងតុលាការយុត្តិធម៌អន្តរជាតិជាមួយកម្ពុជាឡើយ គឺចង់ត្រឹមចរចាជាមួយគ្នាក្នុងនាមជាប្រទេសជិតខាងដូចរាល់ដង។ គួរដឹងប្រវត្តិសាស្ត្របន្តិចសិនថា ថៃធ្លាប់ចាញ់កម្ពុជា នៅតុលាការយុត្តិធម៌អន្តរជាតិម្ដងរួចមកហើយ តាំងពីអំឡុងឆ្នាំ១៩៦២ ដោយកាលនោះ តុលាការយុត្តិធម៌អន្តរជាតិ សម្រេចថា ប្រាសាទព្រះវិហារជារបស់កម្ពុជា។

កម្ពុជា សម្រេចចិត្តត្រៀមយកបញ្ហាប្រាសាទចំនួន៣ គឺប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី បូករួមទាំងតំបន់មុំ៣ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីឱ្យជួយកាត់ក្តីរកឈ្នះចាញ់រវាងកម្ពុជា-ថៃ។ ក្នុងសមាជរួមរដ្ឋសភា-ព្រឹទ្ធសភា កាលពីថ្ងៃទី២ ខែមិថុនា មេដឹកនាំកម្ពុជា សម្តេចនាយករដ្ឋមន្រ្តីថៃ ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមទុកមុនថា ថៃនឹងឯកភាពជាមួយកម្ពុជា ក្នុងការដាក់បណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។ ទន្ទឹមគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ទោះថៃមិនឯកភាព ក៏កម្ពុជានៅតែដាក់បណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដែរ។

ការសម្រេចចិត្តរបស់កម្ពុជា ក្នុងការត្រៀមឯកសារទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ កើតឡើងបន្ទាប់ពីកងទ័ពកម្ពុជា-ថៃ ផ្ទុះអាវុធដាក់គ្នានៅតំបន់មុំ៣តាមបណ្តោយព្រំដែន បណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់ គឺលោកព្រឹន្ទបាលឯក សួន រ៉ោន បាត់បង់ជីវិត។ ក្រសួងការពារជាតិកម្ពុជា អះអាងថា កងទ័ពថៃលួចចូលមកដល់លេណដ្ឋានកងទ័ពកម្ពុជា និងបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា។

លោក ភូមថាំ វ៉េយ៉ាឆៃ បន្តថា រាជរដ្ឋាភិបាលថៃ បានរៀបចំរួចរាល់អស់ហើយ ទាំងផ្លូវច្បាប់ និងផ្លូវចរចា រួមទាំងការត្រៀមលក្ខណៈផ្នែកយោធារួចជាស្រេចផងដែរ ក្នុងការដោះស្រាយជាមួយកម្ពុជា។ ចំណែកលោកស្រីនាយករដ្ឋមន្រ្តី ផែថងថាន ថ្លែងថា ប្រទេសថៃ ផ្តល់តម្លៃដល់សន្តិភាព តែប្រជាជនថៃ មិនកំសាកនោះទេ បើការប្រយុទ្ធកើតឡើង។ លោកស្រី ជូនសារទៅប្រជាជនខ្លួនបែបនេះថា៖«យើងត្រៀមខ្លួនរួចហើយ ក្នុងការធានាសុខសុវត្ថិភាពប្រជាជនថៃគ្រប់រូប បើមានការប៉ះទង្គិចកើតឡើង [ជាមួយកម្ពុជា]»។

តាមពិត ភាសាបែបនេះ មេដឹកនាំកម្ពុជា បានលើកឡើងមុនមេដឹកនាំថៃទៅទៀត។ ទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទាំងសម្តេចធិបតី​ ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល លើកឡើងក្នុងន័យតែមួយថា កម្ពុជាចង់បានសន្តិភាព ហើយក៏ចង់ចរចាជាមួយថៃតាមសន្តិវិធីដែរ ប៉ុន្តែកម្ពុជាក៏បានត្រៀមគ្រប់មធ្យោបាយ រួមទាំងកម្លាំងប្រដាប់អាវុធផងដែរ ដើម្បីទប់ទល់ និងការពារបូរណភាពទឹកដី បើមានការឈ្លានពានពីខាងក្រៅ ពិសេសពីខាងភាគីថៃ ក្នុងកាលៈទេសៈនេះតែម្តង៕

អត្ថបទពាក់ព័ន្ធ