Connect with us

Hi, what are you looking for?

ពិភពលោក

គ្រោះថ្នាក់លិចសាឡាងស្លាប់ ៤នាក់ ៣៨នាក់បាត់ខ្លួន នៅឥណ្ឌូណេស៊ី

ក្រុមមន្ត្រីជួយសង្រ្គោះក្នុងប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ថាមនុស្ស ៤នាក់បានស្លាប់ ៣៨នាក់បាត់ខ្លួន និង២៣នាក់ នៅរស់រានមានជីវិត បន្ទាប់ពីសាឡាងមួយគ្រឿងដឹកមនុស្ស ៦៥នាក់បានលិចនៅក្បែរកោះបាលី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សាឡាងខាងលើមានឈ្មោះថា KMP Tunu Pratama Jaya បានលិច ក្រោយចេញដំណើរពីកំពង់ផែ Banyuwangi ខេត្តជា្វភាគខាងកើត (East Java) បានប្រហែល កន្លះម៉ោង។ ស្រឡាងនេះមានដឹកអ្នកដំណើរ ៥៣នាក់ និងអ្នកបម្រើការលើសាឡាង១២នាក់ ព្រមទាំងយានជំនិះ២២គ្រឿង។ ប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន កំពុងធ្វើឡើង បើទោះជាក្រុមអ្នកជួយសង្រ្គោះរងការរំខានដោយសារខ្យល់បក់ខ្លាំងក៏ដោយ ហើយភ្លាមៗមិនទាន់មានការបញ្ជាក់ថាតើហេតុអ្វីបានជាសាឡាងនេះ លិចនោះទេ។

សាឡាង ជាមធ្យោបាយធ្វើដំណើរមួយដ៏មានប្រជាប្រិយក្នុងប្រទេសឥណ្ឌូណេស៊ី ដែលមានជាង ១៧០០០កោះ រីឯគ្រោះថ្នាក់លិចសាឡាងតែងតែកើតឡើងជាញឹកញាប់ ដោយសារតែភាពធូររលុងនៃការអនុវត្តសុវត្ថិភាពតាមស្ដង់ដារ ដោយម្ចាស់សាឡាងផ្ទុកលើសទម្ងន់។ កាលពីឆ្នាំ២០២៣ គ្រោះថ្នាក់លិច សាឡាងមួយក្បែរកោះ Sulawesi បានសម្លាប់មនុស្សយ៉ាងហោច ១៥នាក់៕

អត្ថបទពេញនិយម