Connect with us

Hi, what are you looking for?

ពិភពលោក

មនុស្សរាប់ពាន់នាក់ ជម្លៀសខ្លួន ខណៈជើងហោះហើររាប់រយលុបចោល ដោយសារព្យុះទីហ្វុង Podul បោកបក់លើភាគខាងត្បូងកោះតៃវ៉ាន់

នាថ្ងៃពុធ ទី១៣ ខែសីហា ព្យុះទីហ្វុងឈ្មោះ Podul បានបោកបក់លើតំបន់ភាគខាងត្បូងកោះតៃវ៉ាន់ ជាមួយកម្លាំងខ្យល់អតិបរមាជិត ២០០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈតំបន់មួយផ្នែកធំដែលរងការប៉ះពាល់ បានផ្អាក់ការបំពេញការងារនិងបិទសាលារៀន ហើយជើងហោះហើររាប់រយជើង ត្រូវបានលុបចោល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អាជ្ញាធរតៃវ៉ាន់ បាននិយាយថា ព្យុះ Podul បានធ្វើដំណើរមកដល់ទីក្រុង Taitung នៅភាគអាគ្នេយ៍ នាវេលាម៉ោង១រសៀល (ម៉ោងក្នុងតំបន់)។ ទីក្រុងនិងស្រុកសរុបចំនួន៩លើកោះតៃវ៉ាន់ បានប្រកាសបិទកន្លែងបំពេញការងារនិងសាលារៀន សម្រាប់ថ្ងៃពុធនេះ។

បើតាមអាជ្ញាធរតៃវ៉ាន់ មនុស្សសរុបលើស៥ ៥០០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព មុនព្យុះ Podul មកដល់។ រីឯ​បើតាមក្រសួងដឹកជញ្ជូនតៃវ៉ាន់ ជើងហោះហើរក្នុងស្រុកទាំងអស់ គឺ២៥២ជើង និងជើងហោះហើរអន្តរជាតិ១២៩ជើង សម្រាប់ថ្ងៃនេះ ត្រូវបានលុបចោល។

គួរបញ្ជាក់ថា ព្យុះខាងលើនឹងបន្តបោកបក់កាត់ឆ្នេរភាគខាងលិចរបស់តៃវ៉ាន់ មុនឆ្ពោះទៅរកខេត្ត Fujian ភាគខាងត្បូងប្រទេសចិន ក្នុងសប្តាហ៍នេះ។ កោះតៃវ៉ាន់តែងរង ការវាយប្រហារជារឿយៗពីព្យុះទីហ្វុង។ កាលពីខែកក្កដាកន្លងទៅ ព្យុះទីហ្វុងឈ្មោះ Danas បានបោកបក់យ៉ាងខ្លាំងមកលើតំបន់ភាគខាងត្បូងកោះ។ ក្នុងខែសីហានេះ តំបន់ភាគខាងត្បូងតៃវ៉ាន់ ក៏បានទទួលរងភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាគ្រោះរអិលបាក់ដីនិងទឹកជំនន់ ហើយផ្តាច់ជីវិតមនុស្សយ៉ាងហោច៤នាក់ ផងដែរ៕

ប្រភព៖ Fresh News

អត្ថបទពាក់ព័ន្ធ