Connect with us

Hi, what are you looking for?

ពិភពលោក

កងទ័ពថៃទទួលស្គាល់ការប្រើប្រាស់ផូស្វ័រពណ៌ស ប្រឆាំងនឹងកងទ័ពកម្ពុជា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

បាងកក – នៅថ្ងៃអង្គារនេះ អ្នកនាំពាក្យកងទ័ពជើងគោកថៃបានធ្វើការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយបានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនពិតជាបានប្រើប្រាស់ផូស្វ័រពណ៌ស (White Phosphorus) ប្រឆាំងនឹងកងទ័ពកម្ពុជា ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នានៅតាមព្រំដែនកាលពីខែមុន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer លោកវរសេនីយ៍ឯក វិនថៃ ស៊ូវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកថៃ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥ ថា សារធាតុគីមីត្រូវបានប្រើប្រាស់នៅក្នុងប្រតិបត្តិការយោធាដែលបានកើតឡើងចន្លោះពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា។

«យើងបញ្ជាក់ថា កងទ័ពថៃបានប្រើប្រាស់ផូស្វ័រពណ៌សក្នុងអំឡុងពេលនៃការប៉ះទង្គិចប្រដាប់អាវុធ» នេះជាការលើកឡើងរបស់លោក វិនថៃ។

ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យរូបនេះបានព្យាយាមការពារដោយអះអាងថា ការប្រើប្រាស់នេះគឺស្របទៅនឹងច្បាប់អន្តរជាតិ។ លោកបានថ្លែងថា «ការកាន់កាប់ និងប្រើប្រាស់ផូស្វ័រពណ៌សរបស់យើង គឺគោរពតាមច្បាប់អន្តរជាតិ ស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌ជានិច្ច»។

គ្រោះថ្នាក់នៃផូស្វ័រពណ៌ស

ផូស្វ័រពណ៌ស គឺជាសារធាតុគីមីមួយប្រភេទដែលមានប្រតិកម្មខ្លាំង និងត្រូវបានចាត់ទុកថាជាអាវុធដុតបំផ្លាញ (Incendiary Weapon)។ នៅពេលប៉ះនឹងខ្យល់ បង្កើតជាកម្តៅដ៏ខ្លាំងក្លា (ប្រហែល ៨០០ អង្សាសេ) និងផ្សែងពណ៌សក្រាស់។

ដោយសារតែលក្ខណៈពិសេសនេះ វាត្រូវបានគេប្រើប្រាស់ក្នុងវិស័យយោធាសម្រាប់គោលបំណងជាច្រើន រួមមាន ៖

– បង្កើតវាំងននផ្សែង: ដើម្បីបិទបាំងចលនារបស់កងទ័ពនៅលើសមរភូមិ។

– បំភ្លឺគោលដៅ: ប្រើជាភ្លើងបំភ្លឺនៅពេលយប់។

– ដុតបំផ្លាញ: ប្រើប្រាស់ដោយផ្ទាល់ដើម្បីដុតបំផ្លាញគោលដៅ សម្ភារៈយោធា និងទីតាំងសត្រូវ។

ទោះបីជាការប្រើប្រាស់ផូស្វ័រពណ៌សដើម្បីបង្កើតវាំងននផ្សែង ឬបំភ្លឺ មិនត្រូវបានហាមឃាត់ដោយផ្ទាល់ក៏ដោយ ប៉ុន្តែការប្រើប្រាស់វាជាអាវុធប្រឆាំងនឹងមនុស្ស គឺជារឿងដែលបង្កឲ្យមានការជជែកវែកញែក និងអាចចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមលក្ខខណ្ឌមួយចំនួន។

យោងតាមអង្គការសុខភាពពិភពលោក (WHO) ផូស្វ័រពណ៌សបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់មនុស្ស។ ការប៉ះពាល់ដោយផ្ទាល់អាចបណ្តាលឲ្យមានការរលាកយ៉ាងធ្ងន់ធ្ងរ ដោយវាអាចឆេះជ្រាបចូលទៅក្នុងស្បែក សាច់ដុំ រហូតដល់ឆ្អឹង។ លើសពីនេះ ផ្សែងដែលភាយចេញពីការឆេះរបស់វា ដែលរួមជាមួយអាស៊ីដផូស្វរិច (Phosphoric Acid) និងផូស្វីន (Phosphine) អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ភ្នែក និងប្រព័ន្ធផ្លូវដង្ហើម៕

អត្ថបទពាក់ព័ន្ធ