Connect with us

Hi, what are you looking for?

ពិភពលោក

គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៨រ៉ិចទ័រ វាយប្រហារប្រទេសរុស្ស៉ី

គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៨រ៉ិចទ័របានវាយប្រហារលើតំបន់ឆ្នេរនៃឧបទ្វីប Kamchatka ស្ថិតនៅចុងបូព៌ានៃប្រទេសរុស្ស៉ី នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ដោយបង្ករំញ័រដល់អគារជាច្រើន និងជំរុញឱ្យអាជ្ញាធរប្រកាសអាសន្នពីរលកស៊ូណាមិ ហើយក្រោយមកបន្តិចបានលុបចោលការប្រកាសអាសន្ននេះវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមវិទ្យាស្ថានភូមិវិទ្យាអាមេរិក USGS គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅចម្ងាយ ១២៨គីឡូម៉ែត្រពីទីក្រុង Petropavlovsk-Kamchatsky ដែលជារដ្ឋធានីនៃឧបទ្វីប Kamchatka និងមានជម្រៅរញ្ជួយទៅក្នុងដី១០គីឡូម៉ែត្រ។ ព្រមពេលជាមួយគ្នា មជ្ឈមណ្ឌលព្រមានពីរលកស៊ូណាមិក្នុងតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកក៏បានប្រកាសអាសន្នពីរលកស៊ូណាមិផងដែរ តែប៉ុន្មានម៉ោងក្រោយមក បានលុបចោលការប្រកាសអាសន្ននេះវិញ។

គួរបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅ គ្រោះរញ្ជួយដីកម្រិត ៨.៨រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរនៃឧបទ្វីប Kamchatka ដោយបង្កជារលកស៊ូណាមិគួចយកភូមិមួយចូលទៅក្នុងសមុទ្រ និងជំរុញ ឱ្យមានការប្រកាសអាសន្ននៅជុំវិញតំបន់ប៉ាស៊ីហ្វិក៕

អត្ថបទពាក់ព័ន្ធ