Connect with us

Hi, what are you looking for?

ពិភពលោក

ការខ្វែងគំនិតគ្នារវាងសភានិងលោក ដូណាល់ ត្រាំ ប៉ះពាល់ដល់ស្ថាប័នរដ្ឋ និងស្ថានទូតអាមេរិកនៅក្រៅប្រទេស

ជម្លោះលើថវិកា Obamacare រវាងលោក ត្រាំ និងសភា ធ្វើឲ្យបុគ្គលិករដ្ឋាភិបាលរាប់សែននាក់ត្រូវបង្ខំចិត្តឈប់សម្រាកដោយគ្មានប្រាក់ឈ្នួល។ ផលប៉ះពាល់ក៏បានដល់ស្ថានទូតអាម៉េរិកនៅភ្នំពេញ ដែលត្រូវ ផ្អាកការធ្វើបច្ចុប្បន្នភាព ប្រចាំថ្ងៃ។

រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពនៃការ ផ្អាកប្រតិបត្តិការ ឬ បិទស្ថាប័នរដ្ឋជាបណ្ដោះអាសន្ន ដោយសារតែវិវាទថវិការវាងសភា និងប្រធានាធិបតី ដូណាល់ ត្រាំ ដែលមិនអាចឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់ថវិកាថ្មីទាន់ពេលវេលាកំណត់។

ការជាប់គាំងខាងនយោបាយនេះមានប្រភពមកពីការខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើវិស័យថែទាំសុខភាព។ គណបក្សប្រជាធិបតេយ្យ បានទាមទារនូវទឹកប្រាក់រាប់រយពាន់លានដុល្លារអាម៉េរិក ដើម្បីស្ដារឡើងវិញនូវកម្មវិធីថែទាំសុខភាពដ៏សំខាន់ដូចជា អូបាម៉ាឃែរ (Obamacare) ប៉ុន្តែត្រូវប្រឈមនឹងការជំទាស់ពីសំណាក់ គណបក្សសាធារណរដ្ឋ។ ជម្លោះនេះបានរារាំងដល់ការអនុម័តច្បាប់ផ្ដល់មូលនិធិរយៈពេលខ្លី ដែលចាំបាច់សម្រាប់ដំណើរការរបស់រដ្ឋាភិបាល។

ផលប៉ះពាល់លើស្ថាប័នសហព័ន្ធ និងបុគ្គលិករដ្ឋ

ការផ្អាកប្រតិបត្តិការនេះមានន័យថា នាយកដ្ឋាន និងទីភ្នាក់ងារសហព័ន្ធជាច្រើននឹងត្រូវផ្អាកដំណើរការ។ ផលប៉ះពាល់ធ្ងន់ធ្ងរបានធ្លាក់មកលើ បុគ្គលិករដ្ឋាភិបាលរាប់សែននាក់ ដែលនឹងត្រូវបង្ខំចិត្តត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ឬមិនមានការងារធ្វើរហូតទាល់តែស្ថាប័នរដ្ឋដំណើរការឡើងវិញ។ ក្នុងអំឡុងពេលឈប់សម្រាកនេះ បុគ្គលិករដ្ឋនៅតែជាបុគ្គលិករដ្ឋ ប៉ុន្តែ មិនទទួលបានប្រាក់ឈ្នួល ដោយត្រូវរង់ចាំរហូតដល់បញ្ហាថវិកាត្រូវបានដោះស្រាយចប់សព្វគ្រប់ ទើបអាចទទួលបានប្រាក់ខែរបស់ពួកគេវិញ។

ទោះបីជាយ៉ាងណាក៏ដោយ សេវាកម្មរដ្ឋសំខាន់ៗ មួយចំនួននៅតែបន្តដំណើរការជាធម្មតា រួមមាន យោធា និង សេវាប្រៃសណីយ៍ ប៉ុន្តែមុខងារផ្សេងទៀតនឹងត្រូវផ្អាក។ ការផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ននេះនឹងបន្តរហូតដល់កិច្ចព្រមព្រៀងផ្ដល់មូលនិធិថ្មីត្រូវបានសម្រេច។

ស្ថានទូតអាម៉េរិកនៅកម្ពុជា និងឡាវក៏រងផលប៉ះពាល់

ស្ថានការណ៍នៃការបិទរដ្ឋាភិបាលនេះ ក៏បានជះឥទ្ធិពលដល់ ស្ថានទូតអាម៉េរិក នៅតាមបណ្ដាប្រទេសជាច្រើនផងដែរ។ ជាក់ស្ដែង ស្ថានទូតអាម៉េរិកនៅក្នុងរាជធានីភ្នំពេញ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា គណនីបណ្តាញសង្គមរបស់ស្ថានទូត នឹងមិនធ្វើបច្ចុប្បន្នភាពជាទៀងទាត់ នោះទេ រហូតដល់ប្រតិបត្តិការទាំងស្រុងត្រូវបានបន្តឡើងវិញ លើកលែងតែព័ត៌មានសុវត្ថិភាព និងសន្តិសុខបន្ទាន់។

ទោះបីជាមានការរអាក់រអួលនេះក៏ដោយ ស្ថានទូតបានបញ្ជាក់ថា សេវាកម្មសំខាន់ៗមួយចំនួននៅតែបន្ត។ សេវាកម្មលិខិតឆ្លងដែន និងទិដ្ឋាការនានាដែលបានណាត់រួច នឹងបន្តដំណើរការដោយស្ថានការណ៍អនុញ្ញាតបាន។ ក្រៅពីប្រទេសកម្ពុជា ស្ថានទូតអាម៉េរិកប្រចាំរដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ ក៏បានចេញសេចក្ដីប្រកាសស្រដៀងគ្នានេះដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្ម និងស្ថានភាពប្រតិបត្តិការរបស់ស្ថានទូតអាម៉េរិក អាចចូលទៅកាន់ travel.state.gov៕

Facebook

អត្ថបទចាប់អារម្មណ៍ច្រើន

ពិភពលោក

ប្រធានាធិបតីអាមេរិក លោក ...

ពិភពលោក

មកដល់ថ្ងៃចន្ទ ទី១៨ ខែឧសភ...