Connect with us

Hi, what are you looking for?

ពិភពលោក

វៀតណាម នឹងដាក់កាមេរ៉ា AI តាមដងផ្លូវ តាមដានអ្នកបើកបរ និងសម្រួលការកកស្ទះ

ប្រទេសវៀតណាម គ្រោងនឹងបំពាក់កាមេរ៉ា AI រាប់ពាន់គ្រឿង ដើម្បីតាមដានអ្នកបើកបរ ទូទាំងប្រទេស មានទាំងការផាកពិន័យ និងសម្រួលការកកស្ទះ ជាដើម។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VNexpress កាលពីថ្ងៃទី៤ ខែតុលា បានឲ្យដឹងថា នាយកដ្ឋានប៉ូលីសចរាចរណ៍ របស់ប្រទេសវៀតណាមបានស្នើឱ្យដំឡើងកាមេរ៉ា ដែលដំណើរការ ដោយបញ្ញាសិប្បនិម្មិត ឬ AI រាប់ពាន់គ្រឿង នៅទូទាំងប្រទេស ដើម្បីសង្កេតមើលការបំពានច្បាប់, សម្រួលការកកស្ទះ និង ជួយការពារទប់ស្កាត់គ្រោះថ្នាក់។

នាយកដ្ឋានក្រោមឱវាទរបស់ក្រសួងសន្តិសុខសាធារណៈមួយនេះ បាននិយាយថា ប្រព័ន្ធថ្មីនេះមិនត្រឹមតែរកឃើញបទល្មើសទូទៅ ដូចជា ការបើកបំពានភ្លើងក្រហម, មិនពាក់មួកសុវត្ថិភាព ឬមិនពាក់ខ្សែក្រវ៉ាត់ ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងផ្តល់ទិន្នន័យលំហូរចរាចរណ៍ តាមពេលវេលាជាក់ស្តែង ដល់សាធារណជន ដើម្បីពួកគេអាចជ្រើសរើសផ្លូវ បានប្រសើរជាងមុន។

គម្រោងនេះនឹងត្រូវគ្រប់គ្រង តាមរយៈមជ្ឈមណ្ឌល បញ្ជាការ ពីរកម្រិត គឺ មជ្ឈមណ្ឌលជាតិ នៅទីស្នាក់ការប៉ូលិសចរាចរណ៍ និង មណ្ឌលខេត្ត ចំនួន ៣៤។

ការសាកល្បងកំពុងដំណើរការ ជាមួយនឹងកាមេរ៉ា AI ជំនាន់ថ្មី ចំនួន ៩ នៅលើផ្លូវល្បឿនលឿន Noi Bai-Lao Cai និង នៅលើផ្លូវកណ្តាល ទីក្រុងហាណូយ ដូចជា Pham Van Bach ជាដើម។
កាមេរ៉ានឹងចាប់យករូបភាព និងវីដេអូ នៃការបំពាន ដោយស្វ័យប្រវត្តិ រួមជាមួយនឹងព័ត៌មានលម្អិតអំពីទីតាំង ពេលវេលា និងប្រភេទ នៃបទល្មើស។ បន្ទាប់មក ប្រព័ន្ធនេះនឹងត្រួតពិនិត្យជាមួយមូលដ្ឋានទិន្នន័យចុះបញ្ជីយានយន្តជាតិ ដើម្បីកំណត់អត្តសញ្ញាណម្ចាស់ មុនពេលប៉ូលីសពិនិត្យមើលវីដេអូ និងចេញការផាកពិន័យ។

ក្រុមមន្ត្រីបាននិយាយថា បច្ចេកវិទ្យានេះនឹងធ្វើសកម្មភាព “ដូចជា មន្ត្រីល្បាតនៅលើដងផ្លូវ” ក្នុងពេលដំណាលគ្នា ដើម្បីតាមចាប់ការបំពាន និង គ្រប់គ្រងលំហូរចរាចរណ៍។
ទិន្នន័យនេះក៏នឹងត្រូវបានប្រើ ដើម្បីបណ្តុះបណ្តាល AI បន្ថែមទៀត ដោយបង្កើនសមត្ថភាពរបស់វា ក្នុងការរកឃើញប្រភេទ នៃការបំពាន កាន់តែច្រើន នាពេលអនាគត៕

ប្រភព៖ Apsara TV11

អត្ថបទចាប់អារម្មណ៍ច្រើន