Connect with us

Hi, what are you looking for?

ពិភពលោក

ចាប់ខ្លួនជនសង្ស័យនៅពីក្រោយភ្លើងឆេះព្រៃដ៏អាក្រក់បំផុត នៅទីក្រុង Los Angeles

កម្មវិធី ChatGPT បានជួយអាជ្ញាធររកឃើញភស្តុតាងសំខាន់ឈានដល់ការចាប់ឃាត់ខ្លួនបុរសវ័យ២៩ឆ្នាំម្នាក់ ដោយចោទប្រកាន់ពីបទឱ្យមានភ្លើងឆេះព្រៃធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុង Los Angeles សហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្សចំនួន ១២នាក់ និងបំផ្លាញផ្ទះសម្បែងជាង ៦,០០០កន្លែងក្នុងខែមករា ឆ្នាំ២០២៥។

មុនពេលឈានដល់ការចាប់ខ្លួនជនសង្ស័យ មន្ត្រីក្រសួងយុត្តិធម៌អាមេរិកបាននិយាយថា ភស្តុតាងដែលប្រមូលបានពីឧបករណ៍ឌីជីថលរបស់ Jonathan Rinderknecht រួមមានរូបភាពដែលគាត់បានបង្កើតឡើងនៅក្នុងកម្មវិធី ChatGPT ដែលបង្ហាញពីទីក្រុង Los Angeles បច្ចុប្បន្ន និងត្រូវបានភ្លើងឆេះក្នុងពេលអនាគត ដែលនេះជាភស្តុតាងសំខាន់មានជាប់ពាក់ព័ន្ធក្នុងករណីនេះ។

ជនសង្ស័យ Rinderknecht ត្រូវបានចាប់ខ្លូននៅរដ្ឋផ្លរីដា កាលពីថ្ងៃអង្គារ និងជាប់ចោទពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនា តាមរយៈការប្រើប្រាស់ភ្លើង នេះបើតាមការអះអាងរបស់រដ្ឋអាជ្ញាស្តីទីអាមេរិក លោក Bill Essayli ប្រាប់សន្និសិទសារព័ត៌មានមួយកាលពីថ្ងៃពុធម្សិលមិញ នៅទីក្រុងឡូសអាន់ជីលេស។ លោករដ្ឋអាជ្ញា Essayli និយាយថា តាមរយៈការចាប់ខ្លួនជនដៃដល់នេះ ពួកយើងសង្ឃឹមថា នឹងអាចស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះទាំងអស់។

សូមរម្លឹកថា ភ្លើងឆេះព្រៃនៅទីក្រុង Los Angeles បានធ្វើឱ្យខូចខាត ឬបំផ្លាញផ្ទះសម្បែងជាង ១២,០០០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ហើយបង្ខំមនុស្ស ២០០,០០០នាក់ចាកចោលលំនៅដ្ឋាន។ ចំណែកមនុស្សប្រហែល ៨២,០០០នាក់ស្ថិតក្រោមការបញ្ជាឱ្យជម្លៀសខ្លួន ហើយ៩០,៤០០នាក់ទៀតប្រឈមមុខនឹងការព្រមានពីការភៀសខ្លួន៕

អត្ថបទពាក់ព័ន្ធ