Connect with us

Hi, what are you looking for?

ពិភពលោក

ឥទ្ធិពលព្យុះ Melissa ឆក់យកជីវិតមនុស្ស ២៥នាក់ នៅហៃទី

ឥទ្ធិពលនៃព្យុះ Hurricane Melissa បានសម្លាប់មនុស្សចំនួន ២៥នាក់នៅភាគខាងត្បូងប្រទេសហៃទី ក្រោយបានវាយប្រហារបំផ្លិចបំផ្លាញប្រទេសហ្សាម៉ាអ៊ីក (Jamaica) ក្នុងនាមជាព្យុះស៊ីក្លូនខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកោះមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN។

នៅប្រទេសហៃទី អភិបាលក្រុង Petit-Goâve លោក Jean Bertrand Subrème បានបញ្ជាក់ថា ឥទ្ធិពលនៃព្យុះ Melissa បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង រហូតធ្វើឱ្យទឹកទន្លេហក់ឡើងច្រាំង ដែលបានសម្លាប់មនុស្ស ២៥នាក់ និងធ្វើឱ្យផ្ទះសម្បែងជាច្រើនខ្នងដួលរលំ។

មុននេះ ព្យុះ Melissa បានវាយប្រហារប្រទេសហ្សាម៉ាអ៊ីក ជាមួយនឹងល្បឿនខ្យល់រហូតដល់ ២៩៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលជាកំណត់ត្រាខ្លាំងបំផុតមិនធ្លាប់មាន។ នាយករដ្ឋមន្ត្រីហ្សាម៉ាអ៊ីក លោក អាន់ឌ្រូ ហូលណេស (Andrew Holness) បានបញ្ជាក់ថា មានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ ហើយប្រជាជនជាងកន្លះលាននាក់បានដាច់ចរន្តអគ្គិសនី។ ទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការក៏ដោយ លោកបានលើកឡើងថា រដ្ឋាភិបាល «រំពឹងថានឹងមានការបាត់បង់ជីវិតមនុស្ស»។

គួរបញ្ជាក់ថា ព្យុះ Melissa ត្រូវបានអង្គការឧតុនិយមពិភពលោកពណ៌នាថាជា «ព្យុះនៃសតវត្សរ៍» សម្រាប់ប្រទេសហ្សាម៉ាអ៊ីក។ អ្នកវិទ្យាសាស្ត្របានព្រមានថា ព្យុះកំពុងមានកម្លាំងកាន់តែខ្លាំង និងកើតឡើងញឹកញាប់ជាងមុន ជាលទ្ធផលនៃការឡើងកម្តៅនៃផ្ទៃមហាសមុទ្រ៕

អត្ថបទពាក់ព័ន្ធ