ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃសុក្រ (១៣ កញ្ញា) ថា យោធាកូរ៉េខាងត្បូងនាពេលថ្មីៗនេះ បានដកកាមេរ៉ាឃ្លាំមើល ដែលផលិតដោយចិនប្រមាណ ១៣០០គ្រឿង ដែលបានដំឡើងនៅតាមមូលដ្ឋានយោធា ដោយព្រួយបារម្ភអំពីហានិភ័យសន្តិសុខដែលអាចកើតមាន។
យ៉ុនហាប់រាយការណ៍ថា កាមេរ៉ាត្រូវបានរចនាឡើងដើម្បីភ្ជាប់ទៅម៉ាស៊ីនមេជាក់លាក់មួយនៅក្នុងប្រទេសចិន ប៉ុន្តែមិនមានទិន្នន័យពិតប្រាកដណាមួយត្រូវបានលេចធ្លាយនោះទេ។ កាមេរ៉ាទាំងនោះត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនកូរ៉េខាងត្បូងមួយ ដែលមានប្រភពមកពីប្រទេសចិន។ របាយការណ៍បានបន្តថា កាមេរ៉ាមិនត្រូវបានប្រើសម្រាប់ប្រតិបត្តិការយាមដូចជានៅតាមតំបន់គ្មានយោធា (DMZ) រវាងកូរ៉េទាំងពីរនោះទេ ប៉ុន្តែសម្រាប់ការត្រួតពិនិត្យក្រុមហ្វឹកហ្វឺន និងរបងបរិវេណនៅមូលដ្ឋាននានា។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានលើកឡើងកាលពីថ្ងៃសុក្រថា ខ្លួនកំពុងស្ថិតក្នុងដំណើរការប្រមូលកាមេរ៉ាដែលផលិតដោយបរទេស។ យ៉ាងណា ក្រសួងបានបដិសេធមិនបញ្ជាក់ពីកន្លែងដែលកាមេរ៉ាត្រូវបានផលិតឡើយ។
គួររំឭកថា កាលពីឆ្នាំមុន រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបាននិយាយថា ក្រសួងការពារជាតិ និងក្រសួងការបរទេសរបស់ខ្លួនកំពុងដកកាមេរ៉ាឃ្លាំមើលដែលផលិតដោយក្រុមហ៊ុនចិនចេញពីកន្លែងរបស់ពួកគេ បន្ទាប់ពីមានរបាយការណ៍ថាបច្ចេកវិទ្យានេះបង្កហានិភ័យផ្នែកសុវត្ថិភាព៕



























