អ៊ីស្តង់ប៊ុល — លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ បានធ្វើការអំពាវនាវដល់បណ្តាប្រទេសនៅក្នុងតំបន់ កុំឱ្យអនុញ្ញាតឱ្យ «សត្រូវ» ប្រើប្រាស់ទឹកដីរបស់ពួកគេ ដើម្បីបង្កសង្គ្រាម ប្រសិនបើប្រទេសទាំងនោះ ចង់បានការអភិវឌ្ឍ និងសន្តិសុខពិតប្រាកដ។
តាមរយៈសារបង្ហោះលើបណ្តាញសង្គម X លោក Pezeshkian បានសរសេរបញ្ជាក់ថា៖ «យើងបានលើកឡើងជាច្រើនដងរួចមកហើយថា អ៊ីរ៉ង់មិនដែលបើកការវាយប្រហារមុននោះទេ ប៉ុន្តែយើងនឹងធ្វើការវាយបកវិញយ៉ាងខ្លាំងក្លាបំផុត ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធ ឬមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់យើង ត្រូវបានគេកំណត់គោលដៅវាយប្រហារ»។
ថ្លែងទៅកាន់បណ្តាប្រទេសជិតខាងក្នុងតំបន់ ប្រធានាធិបតីរូបនេះបានបន្ថែមថា «ប្រសិនបើអ្នកចង់បានការអភិវឌ្ឍ និងសន្តិសុខ សូមកុំបណ្តោយឱ្យសត្រូវរបស់យើង ដំណើរការសង្គ្រាមចេញពីទឹកដីរបស់អ្នក»។
ការថ្លែងនេះធ្វើឡើងក្នុងគោលបំណងព្រមានដល់ប្រទេសជិតខាង ដែលអាចនឹងផ្តល់ទីតាំងឱ្យកងទ័ពបរទេស ប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងតេអេរ៉ង់។
ស្ថានភាពនៅមជ្ឈិមបូព៌ាបានហក់ឡើងកម្តៅយ៉ាងខ្លាំង ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាទៅលើប្រទេសអ៊ីរ៉ង់។ សង្រ្គាមនេះ បានបណ្តាលឱ្យមនុស្សស្លាប់ជាង ១,៣៤០ នាក់ រហូតមកដល់ពេលនេះ រួមទាំងមេដឹកនាំកំពូល Ayatollah Ali Khamenei ផងដែរ។
ជាការឆ្លើយតប អ៊ីរ៉ង់បានវាយបកវិញតាមរយៈការប្រើប្រាស់ដ្រូន និងមីស៊ីល សំដៅទៅលើគោលដៅនានាក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាបណ្តាប្រទេសឈូងសមុទ្រមួយចំនួន ដែលជាកន្លែងឈរជើងនៃមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិក៕
