រយៈពេល៨ខែ ឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជាង ៣៣១លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលទទួលបាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
អគ្គនាយកដ្ឋានកៅស៊ូបានបញ្ជាក់ឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែសីហា ឆ្នាំ២០២៤ មានចំនួន៣២៨ ៣១៨ ១៤១ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន២ ៦៨៣ ៨៩៧ដុល្លារ។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៥៦៥ដុល្លារ ក្នុង១តោន កើនឡើងចំនួន១៨០ដុល្លារ ក្នុង១តោន ស្មើនឹង១២.៩៥% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែកញ្ញា ឆ្នាំ២០២៤ មានតម្លៃ២០២ដុល្លារ ក្នុងមួយម៉ែត្រគីប។
សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%។
ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន ៥៣៧.៩លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២។
បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងតែដំណើរការរួមមាន នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ៕


























