ទីបំផុតទៅប្រធានពន្ធនាគារព្រៃស ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃធ្វើការផ្លាស់ប្តូរហើយ ដោយបើតាមសេចក្តីប្រកាសចុះថ្ងៃទី១៦ ខែតុលា ២០២៤ លោក នុត សវនា ត្រូវបានតែងតាំងឱ្យទទួលបន្ទុកជាប្រធានមណ្ឌលអប់រំកែប្រែទី១ វិញ។
សូមបញ្ជាក់ដែរថា ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យធ្វើការពិនិត្យឡើងវិញនូវការគ្រប់គ្រងពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី១ បន្ទាប់ពីមានវីដេអូបែកធ្លាយដែលទណ្ឌិតមានការជប់លៀង និងផឹកស៊ីនៅក្នុងពន្ធនាគារ ហើយវីដេអូនោះមានការចែកចាយតគ្នាពាសពេញបណ្ដាញសង្គម។
សម្ដេចបវរធិបតីបញ្ជាក់ថា នឹងត្រូវមានការផ្លាស់ប្ដូរ កែតម្រូវ និងពង្រឹងឡើងវិញនូវស្ថាប័នពន្ធនាគារទូទាំងប្រទេស និងជាពិសេសគឺការផ្លាស់ប្ដូរក្បាលម៉ាសុីនដឹកនាំ នៃពន្ធនាគារព្រៃស ឬម១ និងជាពិសេសពង្រឹងទៅសន្តិសុខក្នុងពន្ធនាគារ៕



























