សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅរសៀលថ្ងៃនេះ បានស្នើដល់សមត្ថកិច្ច មិនថា ប៉ូលិស ឬកងរាជអាវុធហត្ថ សូមចាត់វិធានការដោយនាំខ្លួន លោក លី សាម៉េត ហៅគ្រូធំ បញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោសតាមច្បាប់។
តាមរយៈបណ្តាញសង្គម សម្តេចតេជោបានបញ្ជាក់ថា «មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសុំទោសមួយ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។ ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ។ ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួន ហើយសូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។
សម្តេចតេជោ ក៏បានលើកឡើងពីករណីដែលលោក លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួន
ឱ្យតុលាការកាត់ទោស តែយ៉ាងណាសម្តេចបញ្ជាក់ថា ករណីនេះមិនអាចធ្វើបានឡើយ ដូច្នេះនគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី ហើយសម្តេចសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ។
សូមបញ្ជាក់ដែរថា ក្រោយពីរត់គេចខ្លួនអស់មួយរយៈ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក លី សាម៉េត ហៅគ្រូធំ ដែលបានប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំដើម្បីបោកប្រាស់អ្នកចង់បានតំណែងតួនាទីក្នុងជួររដ្ឋាភិបាលរាប់លានដុល្លារ បានចេញវីដេអូរដោយសារភាពនូវកំហុសទាំងអស់ ហើយក៏សុំឱ្យមានសន្តោសពីសម្តេចតេជោ ដែលខ្លួនបានប្រព្រឹត្តខុសឆ្គងនាពេលកន្លងមក៕


























