ព័ត៌មានជាតិ
កំពង់ចាម ជាខេត្តដំបូងគេដែលបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីជូនពលរដ្ឋ
ខេត្តកំពង់ចាមត្រូវបានប្រកាសថា ជាខេត្តដំបូងគេដែលបានបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ហើយយ៉ាងយូរនៅខែក្រោយនេះ សម្តេចនាយករដ្ឋមន្រ្តី នឹងធ្វើការប្រគល់ប្លង់ជូនទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់។ នេះបើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងពិធីបិទមហាសន្និបាតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
សូមជំរាបជូនថា គិតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋសរុបចំនួន ៧.៧លានក្បាលដីហើយ ខណៈក្បាលដីចំនួន ៧លាន ត្រូវបានចេញបណ្ណជូនម្ចាស់កម្មសិទ្ធិ។ ដោយឡែក១,៥លានក្បាលដីទៀត កំពុងវាស់វែងចុះបញ្ជី ហើយគ្រោងបញ្ចប់ក្នុងពេលឆាប់ៗនេះ៕
