បន្ទាប់ពីមានការចែកចាយពាសពេញបណ្តាញសង្គមថា មានការរកឃើញជំងឺឆ្លងថ្មីនៅប្រទេសចិន បង្កដោយមេរោគមួយឈ្មោះ Norovirus ឬហៅថាជំងឺក្អូតរាក ដោយថា វាកាចសាហាវជាងកូវីត-១៩ទៅទៀត ធ្វើឱ្យប្រជាជនខ្មែរមួយចំនួន មានការភិតភ័យពីជំងឺមួយនេះ ខ្លាចឆ្លងមកដល់ប្រទេសកម្ពុជា។
ដេីម្បីបំភ្លឺដល់បណ្តាញសង្គមមួយចំនួនដែលផ្សាយខុស និងឱ្យសាធារណជនទាំងអស់យល់ច្បាស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ថា CDC បានឱ្យដឹងថា Norovirus គឺជាមេរោគមានវត្តមានយូរមកហើយ និងមិនមែនជាមេរោគផ្ទុះថ្មីទេ ឬក៏គម្រាមកំហែងរាតត្បាតសកលនោះដែរ។ វាកើតទ្បើងជាប្រចាំនៅបណ្តាប្រទេសដែលត្រជាក់ដូចជា ប្រទេសចិន អាម៉េរិក អឺរ៉ុប ។ល។ វាជាមេរោគងាយងាប់នៅសីតុណ្ហភាពក្ដៅ ចាប់ពី៦០អង្សាសេទ្បើងទៅ ដូច្នេះមិនងាយមានវត្តមាននៅក្នុងប្រទេសក្ដៅ-សើម ដូចជាប្រទេសកម្ពុជានោះទេ។

បន្ថែមលើនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង គូសបញ្ជាក់ថា ចំពោះអ្នកឆ្លងជំងឺនេះមានរោគសញ្ញា ចង្អោរក្អួត រាក និងងាយជាទៅវិញរយៈពេលខ្លី។ មេរោគ Norovirus អាចឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គអ្នកជំងឺ ដូចជា ក្អក កម្អួត លាមក ហើយចំពោះវិធីបង្ការជំងឺវិញ ត្រូវពាក់ម៉ាស់ លាងដៃ សម្អាតអនាម័យប្រដាប់ប្រើប្រាស់ និងបរិស្ថានជុំវិញ៕