ក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ក្រសួងបរិស្ថានបានរៀបចំគម្រោងសាកល្បងសម្អាតផ្លូវជាតិ សំដៅធ្វើយ៉ាងណាប្រែក្លាយផ្លូវជាតិកម្ពុជាជាផ្លូវគ្មានសំរាម ប្រកបដោយផាសុកភាព និងព្រមទាំងមានភាពស្រស់ស្អាតសម្រាប់អ្នកធ្វើដំណើរទូទៅនៅកម្ពុជា។
ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ថា ដំណើរការសម្អាតផ្លូវជាតិនេះបានចាប់ផ្តើមតាំងតែពីវិច្ឆិកាកន្លងមក ហើយបច្ចុប្បន្ននេះសម្អាតបានប្រមាណ៧០-៨០ភាគរយតាមផ្លូវជាតិចំនួន៥។ ការចូលរួមសម្អាតពីសំណាក់មន្រ្តីក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស យ៉ាងសកម្មក្នុងការសម្អាតតាមដងផ្លូវនានា កន្លងមកបានធ្វើឱ្យតាមដងផ្លូវតំបន់មួយចំនួន ធ្លាប់តែមានសំរាមចោលពាសវាលពាសកាលបានប្រែក្លាយជាផ្លូវស្អាត មានអនាម័យ និងមានសោភ័ណភាពកាន់តែប្រសើរឡើង។
ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងឱ្យដឹងដែរថា ការសម្អាតតាមដងផ្លូវជាតិសំខាន់ៗកន្លងមកគឺជាផ្នែកមួយក្នុងការធ្វើឱ្យប្រទេសជាតិស្អាត ដែលជាទិសដៅរបស់ក្រសួងបរិស្ថាន។ ជាមួយគ្នានេះក៏ជាការបណ្តុះផ្នត់គំនិតដល់សិស្សានុសិស្សចូលរួមសម្អាតបរិស្ថានតាមដងផ្លូវ ពិសេសជាងនេះចេះចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវសំដៅធ្វើយ៉ាងណាប្រទេសយើងស្អាត គ្មានសំរាមដែលជាទីទាក់ទាញទេសចរ។
ជាមួយគ្នានេះមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានអំពាវនាវឱ្យពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មិនចោលសំរាមពាសវាលកាល ហើយចូលរួមសម្អាតដងផ្លូវរបស់យើង ជាផ្លូវគ្មានសំរាម មានសោភ័ណភាព និងចូលរួមដាំដើមឈើប្រែក្លាយជាដងផ្លូវស្រស់បំព្រងជាប្រចាំតទៅថ្ងៃខាងមុខ៕



























