Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អ្នកសៀមរាប! ពិធីកោរជុក ជាប្រពៃណីទំនៀមរបស់ខ្មែរ ដែលមានយូរលង់មកហើយ

ថ្វីត្បិតតែពិធីកោរជុក ជាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរជាយូរមកហើយ ក៏ប៉ុន្តែ ក្នុងសម័យបច្ចុប្បន្នពិធីនេះ ហាក់មិនសូវមានប្រារព្ធធ្វើនៅតាមគ្រួសារនីមួយៗទៀតទេ។ បើទោះជាយ៉ាងណាអ្នកស្រុកអង្គរ និងនៅតាមបណ្ដាខេត្តខ្លះ នៅតែរក្សានិងប្រកាន់ខ្ជាប់ប្រពៃណីទំនៀមទម្លាប់នេះ ដើម្បីបន្តមត៌កវប្បធម៌របស់ដូនតាខ្មែរនៅឡើយ។

ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែកុម្ភៈ គ្រួសារមួយមកពីខេត្តឧត្តរមានជ័យ បាននាំបុត្រាបុត្រី មកធ្វើពិធីកោរជុកនៅប្រាសាទអង្គរវត្ត។ ពិធីកោរជុក ក៏ជាកិច្ចពិធីមួយដែលប្រជាពលរដ្ឋខ្មែរតែងធ្វើឡើង គឺដើម្បីបញ្ជាក់ពីដំណើរជិវិតរបស់មនុស្ស ដែលបានវិវត្តន៍ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលថ្មីមួយទៀត។ ពោល គឺជាពិធីដែលបញ្ជាក់ពីដំណាក់កាលសំខាន់ៗនៃជីវិតមនុស្សម្នាក់ៗដែលត្រូវផ្លាស់ប្ដូរពីកុមារភាព ទៅជាមនុស្សពេញវ័យនិងមានការទទួលខុសត្រូវ។

ខ្មែរបុរាណធ្វើពិធីនេះឡើងសម្រាប់ក្មេងស្រីប្រុស ដែលជំទង់ពុំទាន់ពេញវ័យ ឱ្យឈានចូលទៅពេញវ័យ។ ពិធីកោរជុក ឬខ្លះហៅថា ពិធីឆ្លងវ័យនេះ តាមប្រពៃណីខ្មែរកំណត់បញ្ចូលកុលបុត្រកុលធីតារបស់ខ្លួនឱ្យក្លាយទៅជាសមាជិកពេញសិទ្ធិក្នុងគ្រួសារ និងក្នុងសង្គម ស្របទៅតាមច្បាប់ប្រពៃណីយ៉ាងពេញលេញ។ ពិធីកោរជក់នេះ ក៏ជាពេលវេលាកំណត់នៃកិច្ចញែកភេទរបស់ក្មេងស្រីនិងក្មេងប្រុសឱ្យដាច់ពីគ្នា ហើយបន្ទាប់មកក្មេងប្រុសនឹងចេញទៅរៀនសូត្រ ស្វែងរកចំណេះវិជ្ជា រីឯក្មេងស្រីនឹងចូលទៅរៀនចំណេះដឹងខាងសេដ្ឋកិច្ច ឬរបៀបគ្រប់គ្រងគ្រួសារជាដើម៕

អត្ថបទពាក់ព័ន្ធ