នៅក្នុងសម័យប្រជុំលើកទី៣៨ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលបានប្រព្រឹត្តទៅនៅក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីម្សិលមិញ បានពិនិត្យ និងសម្រេចលើបញ្ហាទាក់ទងនឹងវិន័យ និងតួនាទីរបស់ចៅក្រម និងព្រះរាជអាជ្ញា។
អគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានឲ្យដឹងថា អង្គប្រជុំបានសម្រេចដាក់ពិន័យចៅក្រម និងព្រះរាជអាជ្ញាចំនួន ២៣ ករណី ដែលរួមមានការស្តីបន្ទោសដោយផ្ទាល់មាត់ ៤ ករណី និងការស្តីបន្ទោសជាលាយលក្ខណ៍អក្សរ ១១ ករណី។ ក៏មានករណីផ្អាកមិនឱ្យចុះឈ្មោះដំឡើងថ្នាក់ រយៈពេលមិនលើសពី ២ ឆ្នាំ និងការដកឈ្មោះចេញពីតារាងដំឡើងថ្នាក់ចំនួន ៣ ករណី។
កិច្ចប្រជុំក៏បានសម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងចៅក្រម និងព្រះរាជអាជ្ញា ក្នុងតុលាការកំពូល ៥ នាក់ សាលាឧទ្ធរណ៍ ១២ នាក់ និងសាលាដំបូងរាជធានី-ខេត្ត ៥៦ នាក់។ ព្រមទាំងការតាំងស៊ប់ចៅក្រមកម្មសិក្សា ៣៥ នាក់ និងព្រះរាជអាជ្ញារងកម្មសិក្សា ២០ នាក់។
បន្ថែមពីនេះ អង្គប្រជុំក៏បានអនុម័តអនុញ្ញាតឱ្យមន្ត្រីយុត្តិធម៌មួយចំនួនឈប់សម្រាកដោយរក្សាក្របខណ្ឌ ឬគ្មានប្រាក់បៀវត្ស។ នៅចុងបញ្ចប់នៃសម័យប្រជុំ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានថ្លែងអំណរគុណចំពោះការបំពេញការងាររបស់សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងបានប្រកាសបិទសម័យប្រជុំដោយជោគជ័យ។



























