Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ជនជាតិចិន៣នាក់រួមដៃសម្លាប់នារីខ្មែរវ័យ១៨ឆ្នាំ ត្រូវចោទពីបទឃាតកម្មទុកជាមុន ប្រឈមជាប់ពន្ធនាគារអស់មួយជីវិត

ភ្នំពេញ — ក្រុមជនជាតិចិនចំនួន៣នាក់ ដែលពាក់ព័ន្ធក្នុងករណីសម្លាប់យុវតីខ្មែរម្នាក់វ័យ១៨ឆ្នាំ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទឃាតកម្មទុកជាមុន។ ឧក្រិដ្ឋករទាំង៣នាក់ រួមមាន ឈិន កុង (CHEN CONG) លី ហាវហាវ (LI HAOHAO) និង យ៉ាង កៃហ្ស៊ីន (YANG KAIXIN)។ ពួកគេអាចនឹងប្រឈមនឹងការផ្ដន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិត តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។

ករណីនេះបានកើតឡើងនៅក្បែរផ្សារទំនើប Aeon3 ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ តាមការបញ្ជាក់ពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បទឃាតកម្មនេះត្រូវបានរៀបចំជាមុន ដោយមានការគិតទុកជាមុន និងការពួនស្ទាក់ដើម្បីសម្លាប់ជនរងគ្រោះ។

តាមរបាយការណ៍របស់នាយកដ្ឋានព្រហ្មទណ្ឌ មូលហេតុនៃការសម្លាប់នេះ ទំនងជាដោយសារជនរងគ្រោះបានដឹងពីរឿងសម្ងាត់របស់ឧក្រិដ្ឋករទាំង៣នាក់ ដែលអាចពាក់ព័ន្ធនឹងការចាប់ជំរិតទារប្រាក់។ ទោះជាយ៉ាងណា នាយកដ្ឋានព្រហ្មទណ្ឌមិនទាន់បានបញ្ជាក់ព័ត៌មានលម្អិតជាផ្លូវការអំពីរឿងសម្ងាត់នោះនៅឡើយទេ។

តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ បទឃាតកម្មគិតទុកជាមុន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ បទឃាតកម្មនេះរួមមានការគិតទុកជាមុន ឬការពួនស្ទាក់ដើម្បីសម្លាប់ជនរងគ្រោះ។ ការគិតទុកជាមុន សំដៅលើការរៀបចំផែនការមុនពេលប្រព្រឹត្តអំពើបៀតបៀន ខណៈការពួនស្ទាក់ គឺជាការឃ្លាំចាំដើម្បីប្រព្រឹត្តអំពើបៀតបៀនទៅលើជនរងគ្រោះ។

ករណីនេះបានធ្វើឲ្យសង្គមកម្ពុជាមានការភ្ញាក់ផ្អើល និងជំរុញឲ្យមានការតាមដានយ៉ាងជិតស្និទ្ធពីសំណាក់អាជ្ញាធរ។ ការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង៣នាក់ បង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរកម្ពុជាក្នុងការកាត់ទោសអ្នកប្រព្រឹត្តអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរ៕

អត្ថបទពាក់ព័ន្ធ