Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អធិការស្រុកស្វាយទាប ត្រូវបានដកតំណែង និងទម្លាក់ស័ក្តិ២ថ្នាក់ ក្រោយក្រសួងមហាផ្ទៃរកឃើញកំហុស

លោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប នៃខេត្តស្វាយរៀង ត្រូវបានក្រសួងមហាផ្ទៃសម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិចំនួន២ថ្នាក់ បន្ទាប់ពីរកឃើញកំហុសធ្ងន់ធ្ងរជាច្រើនក្នុងការកាន់តួនាទីរបស់លោក។

លោក សោម សារ៉ន ត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូក និងសូកប៉ាន់ពីជនបរទេស ជាថ្នូរនឹងការដោះលែងឱ្យនៅក្រៅច្បាប់។ លោកក៏ត្រូវបានចោទថា បានជំរិតទារប្រាក់ពីមន្ត្រីក្រោមឱវាទ និងប្រព្រឹត្តបទល្មើសផ្សេងៗទៀតដែលធ្វើឱ្យមានការបែកបាក់សាមគ្គីភាពផ្ទៃក្នុង។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ លោក សោម សារ៉ន បានប្រព្រឹត្តបទល្មើសជាច្រើន រួមមាន៖

– ការលក់វត្ថុតាងនៃបទល្មើសចរាចរណ៍ ដូចជារថយន្តម៉ាក Camry ឆ្លាម និងគោយន្តកែច្នៃ។

– បញ្ជាឱ្យមន្ត្រីនគរបាលបង់ប្រាក់៥០០ដុល្លារ ជាថ្នូរនឹងការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិ។

– បញ្ជាឱ្យអាណាព្យាបាលជនសង្ស័យប្រើប្រាស់គ្រឿងញៀន បង់ប្រាក់២០០ដុល្លារ ជាថ្នូរនឹងការដោះលែង។

– បញ្ជាឱ្យមន្ត្រីនគរបាលបង់ប្រាក់៤០០ដុល្លារ ក្នុងមួយបន្ទប់ ដើម្បីបានចូលបម្រើការងារក្នុងអគារថ្មី។

– អនុញ្ញាតឱ្យជនជាតិបង់ក្លាដេសឆ្លងដែនខុសច្បាប់ បង់ប្រាក់៥០០០ដុល្លារ ជាថ្នូរនឹងការដោះលែង។

– ប្រើប្រាស់ពាក្យសំដីមិនសមរម្យទៅកាន់មន្ត្រីក្រោមឱវាទ។

ការប្រព្រឹត្តិទាំងនេះ បានផ្ទុយនឹងប្រកាសលេខ ៨៧៣ ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីបទវិន័យមន្ត្រីនគរបាលជាតិកម្ពុជា។ លោក សោម សារ៉ន ក៏មិនបានអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យស្របតាមបែបបទ និងនីតិវិធីរដ្ឋបាល ដែលធ្វើឱ្យមានការបែកបាក់សាមគ្គីភាពផ្ទៃក្នុង។

បន្ទាប់ពីរកឃើញកំហុសទាំងនេះ ក្រសួងមហាផ្ទៃ សម្រេចដកតំណែងលោក សោម សារ៉ន ពីតំណែងអធិការនគរបាលស្រុកស្វាយទាប និងបន្ថយឋានន្តរស័ក្តិចំនួន២ថ្នាក់។ ចំណែកលោកអធិការរងម្នាក់ នាយរងផ្នែកអន្តោប្រវេសន៍ និងនាយរងផ្នែកនគរបាលយុត្តិធម៌ ត្រូវបានដាក់ពិន័យត្រឹមព្រមានជាលាយលក្ខណ៍អក្សរលើកទី១។

សូមបញ្ជាក់ថា ការ​នាំ​ឱ្យ​បែកធ្លាយការ​ប្រព្រឹត្តកំហុសរបស់លោក សោម សារ៉ន នេះ គឺបន្ទាប់ពី មន្ត្រីនគរបាលចំនួន២៤រូប នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប បានដាក់ពាក្យបណ្តឹង និងរាយការណ៍ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្តីពីភាពមិនប្រក្រតី ប្រព្រឹត្តិពុករលួយ បក្ខពួកនិយម គ្មានភាពជាអ្នកដឹកនាំរបស់លោកវរសេនីយ៍ទោ សោម សារ៉ន៕

អត្ថបទពាក់ព័ន្ធ