នាព្រឹកថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានអញ្ជើញជាអធិបតីក្នុងពិធីប្រុងពលី និងបើកការដ្ឋានសាងសង់សំណង់សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព.ស. ២៥៦៨ – ២៥៦៩ គ.ស. ២០២៥។ ពិធីនេះបានរៀបចំឡើងនៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
ឆ្នាំ២០២៥ គឺជាឆ្នាំទី១២ នៃការប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលបានចាប់ផ្តើមឡើងជាលើកដំបូងកាលពីឆ្នាំ ២០១៣។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាឱកាសដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប៉ុណ្ណោះទេ ថែមទាំងជាការលើកតម្កើង និងរក្សាទុកនូវសម្បត្តិវប្បធម៌អរូបីជាច្រើនរបស់ខ្មែរ ដែលបានបន្សល់ទុកដោយដូនតាលើបេតិកភណ្ឌរូបីដូចជាប្រាសាទអង្គរវត្ត។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរ សង្ក្រាន្តឆ្នាំថ្មី»។ ពិធីនេះគឺជាឱកាសដ៏សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ព្រមទាំងភ្ញៀវទេសចរអន្តរជាតិ ដើម្បីជួបជុំគ្នាក្នុងអាកាសធាតុរីករាយ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីជាលក្ខណៈមហាគ្រួសារខ្មែរ។
ក្រោមការដឹកនាំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ព្រឹត្តិការណ៍នេះនឹងបន្តធ្វើឱ្យប្រាសាទអង្គរវត្ត និងខេត្តសៀមរាបក្លាយជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងសម្តែងឱ្យឃើញនូវភាពរុងរឿងនៃអារ្យធម៌ខ្មែរទៅកាន់ពិភពលោក៕


























