Connect with us

ព័ត៌មានជាតិ

រថយន្ដទេសចរណ៍១គ្រឿង ដាច់ហ្វ្រាំងធ្លាក់ពីជំរាលភ្នំគិរីរម្យ រងរបួសធ្ងន់ស្រាល ២០នាក់

Published

on

រថយន្ដទេសចរណ៍ប្រភេទ៤៥កៅអីមួយគ្រឿង បានប្រឡាប់ធ្លាក់ជំរាលភ្នំគិរីរម្យ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានបណ្ដាលឲ្យមនុស្សប្រមាណ២០នាក់ រងរបួសធ្ងន់ ស្រាល។ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវចំណោត ក្បែររមណីយដ្ឋានវីរៈប៊ុនថាំ (ខ្នងភ្នំគិរីរម្យ) ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីក្រឡាប់រថយន្តក្រុងដឹកអ្នកដំណើរនេះ គឺបណ្តាលឲ្យមនុស្ស១០នាក់ បានរងរបួសធ្ងន់ និង១០នាក់ទៀតរងរបួសស្រាល។ ក្រោយកើតហេតុរថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បានដឹកអ្នករបួសធ្ងន់ ចំនួន១០នាក់ យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកត្រែងត្រយឹង និងខ្លះបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ដោយឡែកអ្នករងរបួសស្រាល ត្រូវបានដឹកបញ្ជូនតាមរយៈរថយន្តសង្គ្រោះ២គ្រឿង របស់មន្ទីរពេទ្យបង្អែកស្រុក។

ចំពោះជនរងគ្រោះ គឺជាភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ បានជួលរថយន្តក្រុងប្រភេទ៤៥កៅអីខាងលើ មកលេងជាក្រុមនៅលើខ្នងភ្នំគិរីរម្យ ហើយបន្ទាប់មកក៏បន្តដំណើរទៅលេង ទីតាំងកម្សាន្តវីរៈប៊ុនថាំ ដែលទើបស្ថាបនារួចរាល់ថ្មី ក្រោយមកក៏ជួបឧបទ្ទវហេតុគ្រោះថ្នាក់ពេលវិលត្រឡប់មកវិញ។ ករណីក្រឡាប់ធ្លាក់រថយន្តចូលជ្រោះនេះ គឺផ្តើមចេញពីការដាច់ហ្រ្វាំង ពេលចុះចំណោតខ្លាំង។

សមត្ថកិច្ចក៏បានអំពាវនាវដល់អ្នកបើកបរទាំងឡាយ ដែលមានបំណងចង់មកលេងនៅលើខ្នងភ្នំគិរីរម្យ សូមពិនិត្យបច្ចេកទេសយានយន្តឲ្យបានត្រឹមត្រូវ ដើម្បីរក្សាសុវត្ថិភាពចៀសវាងជួបឧបទ្ទវហេតុផ្សេងៗ៕

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2026
ព្រ សុ អា
 123
45678910
11121314151617
18192021222324
25262728293031