Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងការងារប្រជុំបន្ទាន់ ដើម្បីតាមដាន និង​ដោះស្រាយ​ផលប៉ះពាល់ដែល​អាច​កើត​ឡើង​ដោយគ្រោះរញ្ជួយដីក្នុងទីក្រុងបាងកក

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តដឹកនាំប្រជុំក្រុមការងារចំពោះកិច្ចនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីតាមដាន និងដោះស្រាយផលប៉ះពាល់ដែលអាចកើតមានឡើងដោយគ្រោះរញ្ជួយដីក្នុងទីក្រុងបាងកក និងខេត្តមួយចំនួនក្នុងប្រទេសថៃ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

ក្រុមការងារចំពោះកិច្ចនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្តប្រមូលព័ត៌មាន ពីអនុព័ន្ធការងារប្រចាំប្រទេសថៃ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អគ្គនាយកដ្ឋានការងារ អាជ្ញាធរមានសមត្ថកិច្ចថៃ ទីភ្នាក់ងារជ្រើសរើសឯកជន និងបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃ សហគមន៍ខ្មែរនៅប្រទេសថៃ ដើម្បីបន្តតាមដានព័ត៌មាន វាយតម្លៃស្ថានការណ៍ និងត្រៀមអន្តរាគមន៍ ដោះស្រាយ ឱ្យបានទាន់ពេលវេលា និងផ្តល់ការគាំពារជូនបងប្អូនពលករខ្មែរនៅក្នុងប្រទេសថៃ។

បើតាម​ក្រសួងការងារ នៅព្រឹកនេះ ក្រុមការងារអនុព័ន្ធការងារ អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ កំពុងបន្តចុះតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។

ក្នុងនោះក្រសួងការងារ ក៏​បានអំពាវនាវ​ដល់បងប្អូនពលករដែលមានព័ត៌មាន ឬមានបញ្ហាប្រឈមដែលបណ្តាលមកពីគ្រោះរញ្ជួយដីអាចទាក់ទងផ្តល់ព័ត៌មាន និងសាកសួរព័ត៌មានបន្ថែមពីលោក ឈឹម វិបុល (ទូរសព្ទលេខ  ០៨៣ ៥៤៥ ៧៧៨៨) និងកញ្ញា ឡាយ ចន្ថា (ទូរសព្ទលេខ ០៩២ ២៩៩ ០១៣៣) អនុព័ន្ធការងារ អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីគាត់រាយការណ៍ និងដាក់ចេញនូវសកម្មភាពជួយអន្តរាគមន៍ និងគាំទ្រដល់បងប្អូនក្នុងគ្រាលំបាកនេះ៕

អត្ថបទពាក់ព័ន្ធ