ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋឱ្យស្ងប់ចិត្តលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ឱ្យប្រជាពលរដ្ឋស្ងប់ចិត្តលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ហើយជឿជាក់លើការដោះស្រាយរវាងរាជរដ្ឋាភិបាលទាំងពីរ ព្រមទាំងត្រូវប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលរុញឱ្យផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរ។
ការអំពាវនាវនេះ គឺធ្វើឡើងតាមរយៈការថ្លែងសារពិសេស ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សព្វាវុធ និងកងទ័ព ដែលបានបញ្ជូនទៅកាន់ព្រំដែន មិនមែនដើម្បីវាយថៃ ឬធ្វើសង្គ្រាមនោះទេ តែជាការត្រៀមបម្រុងចំពោះយថាហេតុអាក្រក់ណាមួយកើតឡើង។ ហេតុការណ៍ផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃ មិនមែនជាបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិរបស់ថៃនោះឡើយ។
សម្តេចតេជោសន្និដ្ឋានថា ហេតុការណ៍នេះ អាចបង្កឡើងដោយបុគ្គល ឬអង្គភាពណាមួយ ហើយថា ហេតុការណ៍នៅព្រំដែនកម្ពុជា-ថៃ កាលពីម្សិលមិញ គឺខុសគ្នានឹងព្រឹត្តិការណ៍ឈ្លានពានកែវគិរីស្វារៈកាលពីឆ្នាំ២០០៨។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងសង្គ្រាមនៅព្រះវិហារ និងប្រាសាទតាមាន់ធំ និងតាក្របីពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ គឺកម្ពុជាប្រើប្រាស់ភាពអត់ធ្មត់ខ្ពស់បំផុតរហូតដល់កងទ័ពងឿងឆ្ងល់។ ក្នុងសង្គ្រាមនោះទីបញ្ជាការដ្ឋានគឺចេញពីផ្ទះរបស់សម្តេចតែម្តង ហើយបញ្ជាតាមប្រព័ន្ធវីដេអូ។ សម្តេចបានរំលឹកថា កាលពីពេលនោះ នាយឧត្តមសេនីយ៍ ជា តារា និង ឈិន ច័ន្ទពណ៌ បានស្នើសុំសម្តេចប្រើកាំភ្លើងធំបាញ់ចូល៤០គីឡូម៉ែត្រទៅក្នុងប្រទេសថៃ តែសម្តេចមិនប្រើនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្លាំងទ័ព និងសព្វាវុធ ដែលបញ្ជូនទៅព្រំដែនមិនមែនដើម្បីវាយថៃនោះទេ តែករណីមានការឈ្លានពាន គឺកម្ពុជាប្រើសិទ្ធិការពារបូរណភាបទឹកដី និងអធិបតេយ្យជាតិ។ ថា បើទោះបីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងទស្សនកិច្ចនៅក្រៅប្រទេស តែសម្តេចបានធ្វើការជាប់ប្រចាំលើបញ្ហាព្រំដែន ហើយដឹងពីភូមិសាស្ត្រនោះច្បាស់។កន្លែងដែលផ្ទុះអាវុធ គឺជាកន្លែងដែលសម្តេចបានទៅដល់កាលពីឆ្នាំ២០០៩ ហេតុអ្វីថៃថាជាដីរបស់ពួកគេ?
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនមែនជាមេដឹកនាំដែលអង្គុយតែក្នុងការិយាល័យនោះទេ គឺតែងតែចុះតាមមូលដ្ឋាន ហើយនៅសមរភូមិសង្គ្រាម ក៏សម្តេចចុះដែរ។ អ្វីដែលកម្ពុជាចង់បាន គឺចង់បានស្ថានការណ៍នៅព្រំដែនវិលត្រឡប់ទៅសភាពដើមវិញ ហើយសុំឱ្យវាកើតត្រឹមនៅមុំបី កុំឱ្យរីករាយរាលដាលទូទាំងព្រំដែន និងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។
សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅជនជាតិថៃ សិទ្ធិ លីមថងគុល លោកឯងមិនមែនជាកងទ័ពទេ។ សម្តេចតេជោ បានថ្លែងថា យុទ្ធសាស្ត្រសម្តេច បើទ័ពថៃចង់វាយចូលមកដល់អង្គរវត្តដូច សិទ្ធិ លីមថងគុល លើកឡើងនោះ សម្តេចក៏បើកឱ្យវាចូល ដើម្បីបង្ហាញពីការឈ្លានពានដល់អង្គការសហប្រជាជាតិ ហើយសម្តេចនឹងប្រើទ័ពវាយកាត់ផ្តាច់ទ័ពថៃ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តេជោសែន ច្បាស់ណាស់ពីយុទ្ធសាស្ត្រសង្គ្រាម។យន្តហោះអាមេរិក ធ្លាប់ដេញបាញ់សម្តេច តែធ្វើអ្វីមិនបែកនោះឡើយ។ សម្តេចតេជោបានថ្លែងថា ក្នុងសង្គ្រាមបែបនេះ សម្តេចមិនប្រើយន្តហោះនោះទេ តែសម្តេចមានសំណាញ់មេឃ គឺកាំភ្លើងបាញ់ទម្លាក់យន្តហោះ។ នៅពេលនេះកម្ពុជា មានកាំភ្លើងការពារអាកាសដែលល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋឧបត្ថម្ភដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់នៃខឿនការពារជាតិរបស់កម្ពុជា។ កម្ពុជា ចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំសួរសុខទុក្ខទៅដល់កងទ័ពទាំងអស់នៅជួរមុខ ហើយសម្ដេចក៏បានអំពាវនាវដល់កាកបាទក្រហមនៅខេត្តព្រះវិហារ ជួយដល់ជនភៀសសឹកនៅព្រំដែន៕
