ក្រសួងការពារជាតិនៅថ្ងៃនេះ បានចេញសេចក្តីជូនដំណឹងបដិសេធការផ្សព្វផ្សាយព័ត៌មានមិនពិតដោយបុគ្គលម្នាក់ឈ្មោះ អែម ពិសិដ្ឋ ដែលបានក្លែងធ្វើជាទាហានជួរមុខ និងញុះញង់បំបាក់ទឹកចិត្តកងទ័ព។ ការបំភ្លឺនេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងការពារជាតិ តាមរយៈបណ្តាញតេឡេក្រាម។
យោងតាមការបកស្រាយរបស់ឯកឧត្តម ឈុំ សុជាត បុគ្គលឈ្មោះ អែម ពិសិដ្ឋ (ភេទប្រុស, អាយុ៣៧ឆ្នាំ) បានផលិត និងចែកចាយវីដេអូតាមរយៈគណនី TikTok (Amy Richard310) និងហ្វេសប៊ុក (Piseth PG EM) ដោយក្លែងខ្លួនជាទាហានជួរមុខ ដើម្បីធ្វើឱ្យសាធារណជនមានការយល់ច្រឡំ និងប៉ះពាល់ដល់ស្មារតីកងទ័ព។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈុំ សុជាត បានថ្លែងបញ្ជាក់ថា ជាក់ស្តែង បុគ្គលឈ្មោះ អែម ពិសិដ្ឋ នេះ មិនមែនជាយោធិននោះទេ។ រូបគេគឺជាសកម្មជនក្រុមប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកប្រចាំប្រទេសថៃ ហើយមានស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។
ជាមួយគ្នានេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍បានលើកឡើងថា ការសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយ និងសកម្មភាពនានារបស់បុគ្គលនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កងទ័ព គឺជាទង្វើខុសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលត្រូវតែមានវិធានការ មិនអាចលើកលែងបាន ជាពិសេសក្នុងពេលដែលកងទ័ពកម្ពុជាកំពុងប្រឈមមុខនឹងកងទ័ពថៃ នៅចំណុចព្រំដែនរវាងប្រទេសទាំងពីរ។ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ក៏សូមស្នើឱ្យក្រសួងមានសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់លើជននេះ ឱ្យបានម៉ឺងម៉ាត់បំផុត។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈុំ សុជាតិ ក៏បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំសូមអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម និងប្រជាពលរដ្ឋទាំងអស់ កុំជឿលើការឃោសនាបោកបញ្ឆោត ដូចករណីខាងលើនេះ និងសូមមានការប្រុងប្រយ័ត្ន កុំចែកចាយព័ត៌មានទាំងឡាយដែលប៉ះពាល់ដល់កងទ័ព និងសូមតាមដានព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន»៕