តាមរយៈកាសែត Khaosod នៅព្រឹកថ្ងៃនេះ (១៤ មិថុនា) លោក ប៊ុនស៊ីន ផាដក្លាង ដែលជាមេបញ្ជាការកងទ័ពជើងគោកភូមិភាគ២របស់ថៃ ទទួលបន្ទុកមើលការខុសត្រូវតំបន់ព្រំដែនកម្ពុជា-ថៃ បានលើកឡើងពាក់ព័ន្ធករណីជម្លោះទឹកដីជាមួយកម្ពុជាថា “នេះជាដីរបស់ខ្ញុំ បើអ្នកចង់បានវាតទៅទៀត តស់ប្រយុទ្ធគ្នា”។
លើសពីនេះ លោក ប៊ុនស៊ីន បាននិយាយជុំវិញប្រធានបទប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ ថា “ប្រទេសថៃនឹងមិនទៅតុលាការ ICJ នោះទេ ព្រោះប្រសិនបើភាគីម្ខាងមិនទទួលយកយុត្តាធិការរបស់ ICJ ទេ នោះតុលាការនឹងមិនខ្វល់ឡើយ[…]។ អ៊ីចឹងកុំបារម្ភរឿងទៅតុលាការ ICJ ខ្ញុំបានប្រាប់រាជរដ្ឋាភិបាលរួចហើយថា មិនចាំបាច់ទៅតុលាការ ICJ ទេ វាអត់ពាក់ព័ន្ធទេ ដីនេះជារបស់យើងយូរហើយ បើគេចង់បាន តស់វ៉ៃគ្នាវាចប់រឿង វាមិនមែនជាការពិបាកទាល់តែសោះ”។
លោក គឹម សន្តិភាព រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា តាមរយៈបណ្តាញសង្គមនៅព្រឹកមិញនេះដែរ បានសរសេរថា យោងលើពាក្យសំដីរបស់មេទ័ពថៃរូបនេះ គឺបានបញ្ជាក់ច្បាស់ហើយ ថា ថៃជាអ្នកប្រកាសសង្គ្រាម ហើយចង់ធ្វើសង្គ្រាម និងមិនគោរពច្បាប់អន្តរជាតិ ទាត់ចោលយន្តការច្បាប់អន្តរជាតិ ដោយជ្រើសរើសជាប្រទេសមួយនៃសមាជិកអង្គការសហប្រជាជាតិ ដើរចេញពីសន្តិភាព ឆ្ពោះទៅកាន់សង្គ្រាម លែងមានសណ្តាប់ធ្នាប់ពិភពលោក។ ពាក្យរបស់មេទ័ពថៃរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា គេចង់ធ្វើសង្គ្រាម និងថៃមិនទៅ ICJ ដាច់ខាត។ ដូចនេះកងទ័ពថៃ ត្រៀមខ្លួនស្លាប់ទៅក្នុងសង្គ្រាមនេះ ហើយប្រជាជនថៃខ្លួនឯងផងដែរ ក៏ត្រៀមនឹងទទួលការរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមដែលថៃបង្កើតជាមួយកម្ពុជា និងជាអ្នកឈ្លានពានកម្ពុជា ដែលជាប្រទេសជាប់របងផង និងក៏ទទួលយកការថ្កោលទោសលើឆាកអន្តរជាតិផង។
លោកថា កម្ពុជាជ្រើសរើសសន្តិភាព និងជ្រើសរើសច្បាប់អន្តរជាតិ រីឯថៃជ្រើសរើសសង្គ្រាម និងបដិសេធច្បាប់អន្តរជាតិ។ ក្នុងនោះកម្ពុជា បានប្រកាស និងប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការលើកកម្ពស់ការចរចាឈរលើអ្វីដែលមានស្រាប់ (JBC) ហើយអនុវត្តតាមច្បាប់ និងមូលដ្ឋានច្បាប់អន្តរជាតិជាគោលយ៉ាងខ្ជាប់ខ្ជួន ដូចនេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីការពារខ្លួន ការពារទឹកដី និងការពារបូរណភាពទឹកដី។
បើតាមលោក គឹម សន្តិភាព ប្រទេសណាចេញមុខប្រកាសគាំទ្រថៃ គឺស្មើនឹងគាំទ្រប្រទេសដែលមិនគោរពច្បាប់អន្តរជាតិ ទាត់ចោលពិភពលោក តាមរយ:ការជ្រើសរើសសង្គ្រាម សម្លាប់កងទ័ព និងប្រជាជន ដែលផ្ទុយពីគោលការណ៍តំបន់ផង (អាស៊ាន) និងពិភពលោកក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ជាជម្រើសរបស់យើងដាច់ខាតពេលនេះ គឺជឿជាក់លើរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកម្លាំងមហាសាមគ្គីគ្រួសារខ្មែរតែមួយ ដើម្បីការពារជាតិ ការពារបូរណភាពទឹកដី ជាមូលដ្ឋានសម្រាប់បច្ចុប្បន្ន អនាគត និងគ្រប់កាល:ទេស:៕
