Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជាបិទមិន​ឱ្យ​បន្លែផ្លែឈើថៃឆ្លងកាត់ព្រំដែន​

បន្ទាប់ពីឱសានុវាទបានបញ្ចប់ ការនាំចូលបន្លែផ្លែឈើ​ពីប្រទេសថៃ ត្រូវ​បានបិទទាំងស្រុងតាម​បណ្តាព្រំដែន​ចាប់ពីវេលាម៉ោង​ប្រមាណ ៩ព្រឹក ថ្ងៃទី១៧ មិថុនា​នេះ។

បើតាម​លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានទំនិញតែ២មុខប៉ុណ្ណោះពីខាងថៃ គឺបន្លែ និងផ្លែឈើ ដែលកម្ពុជាបិទទាំងស្រុងលែងឱ្យនាំចូលនិងឆ្លងកាត់ រីឯ ទំនិញផ្សេងទៀតពីខាងថៃ រួមទាំងអ្នកធ្វើដំណើរគ្រប់រូប (ទាំងពលរដ្ឋកម្ពុជា ទាំងជនជាតិដទៃ) អាជ្ញាធរកម្ពុជា នៅតែអនុញ្ញាតឱ្យឆ្លងកាត់តាមច្រកព្រំដែនបានធម្មតា។

លោកអគ្គនាយកបានបញ្ជាក់ថា ទោះអាជ្ញាធរកម្ពុជា នៅអនុញ្ញាតឱ្យរថយន្តដឹកទំនិញផ្សេងៗ និងអ្នកធ្វើដំណើរ អាចឆ្លងកាត់តាមព្រំដែនបានក្តី តែបើអាជ្ញាធរថៃ បិទច្រកព្រំដែន ឬតឹងរ៉ឹងខ្លាំងនៅតាមព្រំដែនមួយចំនួននោះ រថយន្តដឹកទំនិញ និងអ្នកធ្វើដំណើរទាំងខាងកម្ពុជា ទាំងខាងថៃ នៅតែជួបការលំបាកក្នុងការឆ្លងកាត់ ឬមិនអាចឆ្លងកាត់តែម្តង។

គួរ​ជំរាបជូនថា នៅព្រឹកថ្ងៃទី១៦មិថុនា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសថា រយៈពេល២៤ម៉ោង បើថៃនៅតែមិនបើកច្រកព្រំដែនឱ្យដូចដើមវិញទេ កម្ពុជា នឹងបិទច្រកព្រំដែនទាំងឡាយ ដើម្បីរាំងខ្ទប់រថយន្តដឹកបន្លែផ្លែឈើពីខាងថៃទាំងអស់តែម្តង មិនឱ្យចូលកម្ពុជា និងមិនឱ្យឆ្លងកាត់កម្ពុជាទៅវៀតណាម ប៉ុន្តែកម្ពុជាពុំមែនបិទច្រកព្រំដែនទាំងអស់នោះទេ។

ចំណាត់ការនេះ គឺជាការឆ្លើយតបទៅនឹងអាជ្ញាធរថៃ ដែល​ជាអ្នកចាប់ផ្តើមបិទច្រកព្រំដែនមួយចំនួនជាមុន ហើយច្រកព្រំដែនកន្លែងខ្លះទៀត អាជ្ញាធរថៃ បើកយឺតបិទលឿនខុសពីគោលការណ៍កំណត់ ដូច្នេះ ក្រោយមកកម្ពុជាក៏ឆ្លើយតបវិញ គឺបើកយឺតបិទលឿនដែរ។ បញ្ហានេះ ចេះតែអូសបន្លាយពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យប៉ះពាល់ដល់ការនាំទំនិញចេញចូល និងការធ្វើដំណើររបស់ពលរដ្ឋទាំងសងខាង។

រហូតដល់កម្ពុជាទាមទារឱ្យអាជ្ញាធរថៃបើកច្រកព្រំដែនទាំអស់ឱ្យត្រូវតាមម៉ោងកំណត់ឡើងវិញ ដើម្បីបញ្ចៀសការប៉ះពាល់រំហូរទំនិញ និងការធ្វើដំណើររបស់ពលរដ្ឋ ហើយដោយសារអាជ្ញាធរថៃមិនព្រមធ្វើតាមសំណើនេះ ទើបកម្ពុជាធ្វើតាមការប្រកាសរបស់ខ្លួន គឺបិទច្រកព្រំដែនរាំងខ្ទប់បន្លែផ្លែឈើទាំងអស់ពីខាងថៃ ចាប់ពីពេលនេះទៅ រហូតដល់មានការសម្រេចថ្មី៕

អត្ថបទពាក់ព័ន្ធ