Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កូនចៅប្រជាជននៅតាមបណ្តោយព្រំដែនដែលភៀសខ្លួនទៅប្រមូលផ្តុំនៅជំរំសុវត្ថិភាព ទទួលការសិក្សាឡើងវិញ

ថ្មីៗនេះប្រជាជនជាង១០០០គ្រួសារបានផ្លាស់ប្តូរទីលំនៅពីតាមបណ្តោយព្រំដែននៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារទៅប្រមូលផ្តុំនៅជំរំសុវត្ថិភាពស្ថិតក្នុងវត្តពោធិ៍៥០០០ដើម ស្រុកគូលែន ខេត្តព្រះវិហារ ព្រោះភ័យខ្លាចនឹងការប៉ះទង្គិចដោយប្រដាប់អាវុធ ហើយតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា កុមារតូចៗ និងសិស្សប្រមាណ១៤០០នាក់នៃប្រជាជនជាង១០០០គ្រួសារនេះ បានខកខានការសិក្សារបស់ពួកគេ តែក្រោយពីមានការសម្របសម្រួលពីក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ រដ្ឋបាលស្រុក និងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកគូលែន សិស្សានុសិស្សថ្នាក់ទី១ ដល់ទី៦ ចំនួន៣៤៣នាក់ ស្រី១៦៧នាក់បានបន្តទទួលការសិក្សាឡើងវិញដោយប្រើប្រាស់បន្ទប់រៀន៦បន្ទប់ នៃសាលាបឋមសិក្សាដែលនៅជិតជំរំសុវត្ថិភាព។

កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់សម្ភារសិក្សានៃកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូងចំនួន៦០០ក្បាល ម៉ាស៊ីន LCD ១គ្រឿង ថេប្លេត១០គ្រឿង សៀវភៅសរសេរ៥០០ក្បាល និងប៊ិក៥០០ដើម ដើម្បីផ្តល់ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ព្រមទាំងបានឧបត្ថម្ភថវិកា២០០ដុល្លារ សម្រាប់លើកទឹកចិត្តគ្រូបង្រៀន ដើម្បីដំណើរការបង្រៀន និងរៀន ជាពិសេសការបន្តអនុវត្តថ្នាលបឋមសិក្សា។

ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះមានសិស្សចំនួន២៦៣នាក់ ស្រី១០២នាក់ទទួលបានការសិក្សាដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ ព្រមទាំងបន្តរៀនតាមរយៈការអនុវត្តថ្នាលបឋម PLP ផងដែរ៕

អត្ថបទពាក់ព័ន្ធ