Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ដើមឆ្នាំនេះ! កម្ពុជា ប្រមូលផលអំបិល ធ្លាក់ចុះខ្លាំង ខណៈតម្លៃលើទីផ្សារហក់ឡើងខ្ពស់

នៅដើមឆ្នាំ២០២៥នេះ ដោយសារមានភ្លៀងធ្លាក់ខ្លាំងនៅដើមរដូវវស្សា បានធ្វើឱ្យទិនផលអំបិលខេត្តកំពត និងខេត្តកែប ធ្លាក់ចុះខ្លាំង ដែលជាកត្តារុញច្រានឱ្យតម្លៃអំបិល ហក់ឡើងខ្ពស់នៅលើទីផ្សារ ។

លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប បានឱ្យដឹងថា ជាទូរទៅ ការ ប្រមូលផលអំបិលសមុទ្រ ធ្វើឡើងចាប់ផ្តើមពីខែមករា រហូតដល់ខែឧសភា នៃឆ្នាំនីមួយៗ ប៉ុន្តែដោយសារឆ្នាំ២០២៥ មានភ្លៀងធ្លាក់ច្រើនចាប់តាំងពីចុងខែមីនារហូតមក បានធ្វើឱ្យទិន្នផលធ្លាក់ចុះខ្លាំងសម្រាប់ការប្រមូលផលប្រចាំឆ្នាំ២០២៥នេះ។

លោកថា ជាមធ្យមការប្រមូលផលអំបិលសមុទ្រសម្រាប់ខេត្តទាំងពីរខាងលើជាមធ្យមទទួលផលបានចន្លោះពី ១០ម៉ឺនតោន ទៅ ១២ម៉ឺនតោនក្នុងមួយឆ្នាំ ប៉ុន្តែសម្រាប់ ដើមឆ្នាំ២០២៥នេះ ទទួលបានប្រមាណជាង ៣ម៉ឺនតោនប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យតម្លៃអំបិលហក់ឡើងខ្ពស់ចន្លោះពី៦០០០រៀលក្នុងទម្ងន់៥០គីឡូក្រាម ឡើងមកដល់ ១២០០០រៀលក្នុងទម្ងន់៥០គីឡូក្រាមដូចគ្នា។

លោកស្រី ស៊ឹម ណារី ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពតមានប្រសាសន៍ឱ្យដឹងថា នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ត្រូវការអំបិលប្រមាណជាង៨ម៉ឺនតោនប៉ុណ្ណោះ ដូច្នេះប្រជាជនកម្ពុជាមិនខ្វះអំបិលប្រើប្រាស់នោះឡើយ ដោយ សារ សមាគមខាងលើ មាននៅសល់អំបិលចំនួនជាង៥ម៉ឺនតោនស្តុកទុកកាលពីឆ្នំាមុន រួមការប្រមូលអំបិលដើមឆ្នំានេះបានប្រមាណជាង ៣ម៉ឺនតោនថែមទៀត។

លោកស្រីបន្តថា មិនត្រឹមតែចរាចរលក់នៅលើទីផ្សារក្នុងប្រទេសនោះទេ ពោលគឺសហគ្រិនខ្មែរម្នាក់បានកែច្នៃអំបិលនាំចេញទៅលក់នៅទីផ្សារក្រៅប្រទេសថែមទៀត រួមមានប្រទេសជប៉ុន បារាំង ស្វ៊ឺស ឆេក និងអាល្លឺម៉ង់ជាដើម។

គួរបញ្ជាក់ថា បច្ចុប្បន្ន សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប មានក្រុមហ៊ុនកែច្នៃចំនួន៤ មានសមាជិកអ្នកផលិតចំនួន ១៥០ក្រុម និងមានផ្ទៃដីផលិតអំបិលក្នុងខេត្តទាំងពីរមានចំនួនសរុបជិត៤០០០ហិកតា៕

អត្ថបទពេញនិយម