ភ្នំពេញ – បន្ទាប់ពីមានការស្នើពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពីការចង់ឱ្យមានការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ក្នុងការដកសញ្ជាតិខ្មែរចំពោះជនណាដែលឃុបឃិតជាមួយបរទេសបំផ្លាញផលប្រយោជន៍ខ្មែរ ពេលនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា ការធ្វើវិសោធនកម្ម គឺអាចធ្វើបាន។
ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះ អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា នៅថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង ០៩:០០នាទី នៅអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សា ធម្មនុញ្ញ ដើម្បីពិនិត្យ ពិភាក្សា និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិ ចំពោះព្រះរាជសារចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះ មតិក្រុមប្រឹក្សាធម្មនុញ្ញលើសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គ ក្រុមប្រឹក្សាធម្មនុញ្ញក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អាចធ្វើទៅបាន៕
