ភ្នំពេញ — ក្រសួងការពារជាតិកម្ពុជានៅថ្ងៃនេះ (៣ កក្កដា) បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនទៅដល់ប្រជាពលរដ្ឋជាទូទៅ និងសារព័ត៌មានទាំងអស់ ដោយថា កាលពីវេលាម៉ោង ១៥:១៥នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ មានករណីបំពានកិច្ចព្រមព្រៀងអន្តរជាតិ រវាងកងទ័ពថៃ និងកងកម្លាំងកម្ពុជា បណ្តាលមកពីការបើកឱ្យភ្ញៀវទេសចរជនជាតិថៃចូលឡើងប្រាសាទតាមាន់ធំ ក្នុងពេលវេលាហាមឃាត់ ដែលខុសពីកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។
យោងតាមការស្រាយបំភ្លឺការពិតជុំវិញឧបទ្ទវហេតុ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ។ តាមកិច្ចព្រមព្រៀង ប្រាសាទតាមាន់ធំត្រូវបិទការឡើងនៅវេលាម៉ោង ១៥:០០នាទីរសៀល។
លោកស្រីបានឱ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «ជាអកុសលនៅថ្ងៃនោះ វេលាម៉ោង១៥:១៥នាទី ក្រោយប្រាសាទតាមាន់ធំត្រូវបិទការឡើង ហើយកងកម្លាំងសម្របសម្រួល និងការពារទាំងអស់នៅទីនោះបានចុះពីទីតាំងប្រាសាទរួចហើយ។ ក៏ស្រាប់តែមានករណីភាគីថៃបើកឱ្យឡើងប្រាសាទពីសំណាក់ក្រុមអ្នកទេសចរជនជាតិថៃចំនួនរហូតដល់១០០នាក់ ក្នុងនោះក៏មានវត្តមានរបស់អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងជាប្រធានគណបក្សភុំចៃថៃផងដែរ ដោយមិនមានការជូនដំណឹងជាមុនដូចការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃនោះទេ»។
លោកស្រី សុជាតា បានលើកឡើងថា៖ «ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ គួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទ»។
យោងតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា កងកម្លាំងកម្ពុជាបានព្យាយាមដោះស្រាយស្ថានការណ៍ដោយភាពស្ងប់ស្ងាត់ មិនបង្កហិង្សា ឬបញ្ហាឡើយ ប្រកបដោយវិជ្ជាជីវៈ និងគោរពតាមកិច្ចព្រមព្រៀងជានិច្ច ចំពោះវីដេអូដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃមួយចំនួន និងការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ជាព័ត៌មានមិនពិត។
វាបាននាំមកនូវការភាន់ច្រឡំ និងជាចេតនាដ៏អាក្រក់ ក្នុងគោលបំណងញុះញង់ និងមានភាពស្អប់ រើសអើងជាតិសាសន៍ទាំងពីរ ព្រោះមិនបានឆ្លុះបញ្ចាំងនូវរឿងរ៉ាវទាំងស្រុងនោះទេគឺច្បិចយកតែជ្រុងម្ខាងតែប៉ុណ្ណោះ។
លោកស្រី សុជាតា បានស្នើឱ្យអ្នកសារព័ត៌មានទាំងអស់នៅក្នុងប្រទេសថៃ បញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតបំផ្លើសបំភ្លៃ បំភាន់ ក្នុងចេតនាបង្កាច់បង្ខូច ឬប៉ះពាល់កិត្តិយស កេរ្តិ៍ឈ្មោះកម្ពុជា។
លោកស្រីបានបញ្ជាក់ថា៖ «សូមក្រើនរំឭកជាថ្មីម្តងទៀត ឱ្យភាគីថៃគោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ប្រកបដោយភាពស្មោះត្រង់ ព្រមទាំងជៀសវាងរាល់សកម្មភាពបំភាន់ការពិត ដែលអាចបំផ្លាញទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក»។
កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយមកឈ្លានពានបានជាដាច់ខាត៕
