តាមរយៈបណ្តាញសង្គមនៅវេលាទៀបភ្លឺនេះ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅយប់ថ្ងៃសៅរ៍ទី ២៦ កក្កដា ២០២៥ សម្តេចបានពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាដោយប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ។
បើតាមសម្តេចធិបតី នៅក្នុងកិច្ចសន្ទនានោះ ឯកឧត្តមប្រធានាធិបតីអាមេរិក បានបញ្ជាក់អំពីឆន្ទៈរបស់ឯកឧត្តមដែលមិនចង់ឃើញមានសង្គ្រាម ឬការប្រយុទ្ធគ្នា ដែលនាំឱ្យមនុស្សជាច្រើនស្លាប់និងរបួសទាំងសងខាង ដោយគិតទាំងកងទ័ពនិងប្រជាជនស៊ីវិល។ ដោយហេតុនេះហើយបានជាឯកឧត្តមតែងតែខិតខំសម្របសម្រួល និងបានបញ្ចប់ដោយជោគជ័យនូវការប្រយុទ្ធគ្នា នៅតាមបណ្ដាប្រទេសជាច្រើននៅលើពិភពលោក។
“ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ឯកឧត្តមប្រធានាធិបតី Donald Trump ក៏ចង់ឃើញនូវការឈប់បាញ់គ្នាភ្លាម និងសន្តិភាព រវាងប្រទេសទាំងពីរ”។
ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងច្បាស់ជាមួយប្រធានាធិបតី Donald Trump ថា កម្ពុជាឯកភាពជាមួយសំណើរឱ្យមានការឈប់បាញ់ភ្លាម និងដោយឥតលក្ខខណ្ឌរវាងកងទ័ពទាំងពីរ។ ជាក់ស្ដែងជំហរនេះ សម្តេចធ្លាប់បានបញ្ជាក់ជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានកាលពីថ្ងៃទី ២៤ កក្កដា កន្លងទៅផងដែរ។
ជាដំណឹងវិជ្ជមាន ឯកឧត្តម Donald Trump ក្រោយពីបានពិភាក្សាជាមួយ ឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ឯកឧត្តមប្រធានាធិបតី ស្តីពីការឈប់បាញ់គ្នាភ្លាមផងដែរ។ នេះគឺជាដំណឹងវិជ្ជមានសម្រាប់កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។ “ខ្ញុំសង្ឃឹមថា ភាគីថៃនឹងមិនកែប្រែជំហរនេះម្តងទៀត ដូចកាលពីថ្ងៃទី ២៤ កក្កដា ក្រោមការជួយសម្របសម្រួលរបស់ឯកឧត្តម Anwar Ibrahim នោះទេ”។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានប្រគល់ភារកិច្ចជូន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សម្រាប់កិច្ចការងារនេះ ដោយពិភាក្សាជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដើម្បីសម្របសម្រួលជាមួយភាគីថៃ ក្នុងគោលដៅឈានទៅអនុវត្តគោលការណ៍ដែលបានព្រមព្រៀងគ្នាឲ្យបានឆាប់រហ័ស ដែលអាចបញ្ចប់ការស្លាប់ និងរបួសរបស់កងទ័ពនិងប្រជាពលរដ្ឋទាំងសងខាង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា លទ្ធផលដ៏ល្អនេះ ពិតជានឹងជួយការពារអាយុជីវិតរបស់កងទ័ពនិងដូចប្រជាពលរដ្ឋស៊ីវិលជាច្រើននាក់ទាំងខ្មែរទាំងថៃ ដែលអាចបាត់បង់ដោយសារការប្រយុទ្ធគ្នា ឬក៏រងរបួស និងជួយឱ្យជនភៀសខ្លួនរាប់សែននាក់អាចបានត្រឡប់ទៅរស់នៅក្នុងភូមិឋានរបស់ខ្លួនវិញដើម្បីបន្តដំណើរការជីវិតជាប្រចាំថ្ងៃរបស់ពួកគាត់ដោយសេចក្តីសុខនិងសន្តិភាព៕
